ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទបង្កគ្រោះថ្នាក់ដល់សន្តិភាពពិភពលោក ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ដើម្បីដោះស្រាយការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគោលដៅអ៊ីរ៉ង់។
នៅព្រឹកថ្ងៃដដែល អ៊ីស្រាអែល បានធ្វើ«ការវាយប្រហារមុន» ដោយកំណត់គោលទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មេដឹកនាំយោធាជាន់ខ្ពស់ និងអ្នកស្រាវជ្រាវនៅទូទាំងទីក្រុងជាច្រើន ដែលបង្កឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់នូវភាពតានតឹងដ៏យូរអង្វែងរបស់ខ្លួន ជាមួយទីក្រុងតេអេរ៉ង់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារនេះថា ជាអំពើភេរវកម្មរបស់រដ្ឋ និងជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
ការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើង ត្រឹមតែពីរថ្ងៃមុនពេលការចរចានុយក្លេអ៊ែរជុំទី ៦ ដែលបានគ្រោងទុករវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលដំបូង បានកំណត់ធ្វើឡើងថ្ងៃអាទិត្យ នៅទីក្រុង Muscat ប្រទេសអូម៉ង់ ប៉ុន្តែត្រូវបានលុបចោលដោយទីក្រុងតេអេរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនោះ។
