ភាពតានតឹង បានផ្ទុះឡើងនៅកណ្តាលទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃសុក្រ (ទី១៣ ខែមិថុនា) ខណៈដែលអ្នកគាំទ្រគណបក្សស្តាំនិយមជ្រុល VOX បានប្រមូលផ្តុំគ្នាប្រឆាំងនឹងនាយករដ្ឋមន្រ្តី Pedro Sanchez បន្ទាប់ពីការចោទប្រកាន់ថ្មីអំពីអំពើពុករលួយ នៅក្នុងរដ្ឋបាលរបស់លោក។

មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅជិតអគារសភា ដោយគ្រវីទង់ជាតិអេស្ប៉ាញ និងស្រែកពាក្យស្លោកជាតិនិយម ដែលមនុស្សជាច្រើន បានចោទប្រកាន់លោក Sánchezពីបទក្បត់ប្រទេសនេះ។ អ្នកតវ៉ាម្នាក់បានកាន់បដាសរសេរថា «លោក Pedro Sánchez ជាជនក្បត់ជាតិ» ជាមតិមួដែលត្រូវបានស្រែកបន្ទរឡើងដោយក្រុមអ្នកគាំទ្រគណបក្សនេះ។
ភាពចលាចលនេះ កើតចេញពីការចោទប្រកាន់អំពើពុករលួយជាបន្តបន្ទាប់ ដែលបានធ្វើឲ្យរង្គោះរង្គើដល់រដ្ឋបាលរបស់ Sánchez ពាក់ព័ន្ធនឹងលោក Santos Cerdán សមាជិកជាន់ខ្ពស់នៃគណបក្សកម្មករ សង្គមនិយម(PSOE) និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Sánchez ក្នុងគម្រោងសូកប៉ាន់ដែលពាក់ព័ន្ធនឹងកិច្ចសន្យាសាធារណៈមួយចំនួន។
លោក Sanchez បានសុំការអភ័យចំពោះជនជាតិអេស្ប៉ាញ និងបានសន្យាថា នឹងមានការស៊ើបអង្កេតលើគណបក្សសង្គមនិយមរបស់ខ្លួន ប៉ុន្តែក៏ប្រឆាំងនឹងការអំពាវនាវរបស់អ្នករិះគន់សម្រាប់ការបោះឆ្នោតមួយបន្ទាប់ពីលោក Cerdán បានលាលែងពីគណបក្សនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា។
