បាល់ទាត់៖ ខ្សែប្រយុទ្ធស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Hakim Ziyech មិនស្ថិតក្នុងបញ្ជីឈ្មោះក្រុមជំរើសជាតិម៉ារ៉ុកឡើយនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations នៅខែមករាខាងមុខ។ តាមពិតទៅកីឡាករវ័យ ២៨ឆ្នាំរូបនេះបានអាក់ខានពីក្រុមជំរើសជាតិម៉ារ៉ុកនៅវគ្គជំរុះ World Cup តំបន់អាហ្វ្រិកចំនួន ៦ប្រកួតមកហើយក្នុងឆ្នាំនេះ ពោលគឺមិនបានលេងឱ្យក្រុមជំរើសជាតិម៉ារ៉ុកតាំងពីខែកក្កដាម្ល៉េះ។

ក្រៅពី Ziyech កីឡាករផ្សេងទៀតនៅ Premier League សុទ្ធតែត្រូវបានកោះហៅរួមមានខ្សែការពារកណ្តាលរបស់ Wolves, Romain Saiss ក៏ដូចជាកីឡាកររបស់ Watford ពីររូបគឺ Adam Masina និង Imran Louza។ ជាមួយគ្នានោះដែរខ្សែការពារ PSG, Achraf Hakimi ត្រូវបានកោះហៅ។ សូមបញ្ជាក់ថា ម៉ារ៉ុកស្ថិតក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិកជាមួយនឹងហ្កាណា កូម៉ូរូស និងហ្កាបុង ខណៈព្រឹត្តិការណ៍ដែលលើកពេលពីឆ្នាំ២០២០ មកនេះចាប់ផ្តើមនៅថ្ងៃទី៩ ខែមករាបញ្ចប់នៅថ្ងៃទី៦ ខែកុម្ភៈ៕
អត្ថបទ៖នាង សុភាវុធ