នាយកដ្ឋាននគរបាលក្រុង Los Angeles ហៅកាត់ថា LAPD របស់សហរដ្ឋអាមេរិក និយាយនៅថ្ងៃអាទិត្យ (១៥ មិថុនា) ថា ការចាប់ខ្លួនជាង ៥០០នាក់ ត្រូវបានធ្វើឡើង ពាក់ព័ន្ធនឹងសកម្មភាពតវ៉ាដ៏តានតឹងក្នុងរយៈពេលប្រាំបីថ្ងៃកន្លងទៅនោះ។ នៅក្នុងការចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ នាយកដ្ឋាន LAPD បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០៨ ខែមិថុនា មក ការចាប់ខ្លួនសរុបចំនួន ៥៦១នាក់ ត្រូវបានធ្វើឡើងទាក់ទងនឹងការតវ៉ានៅទូទាំងទីក្រុង Los Angeles។

LAPD បន្តថា មន្រ្តីនគរបាលក្រុងរាប់សិបនាក់ បានរងរបួស ដោយសារតែសកម្មភាពតវ៉ាចាប់តាំងពីថ្ងៃទី០៨ ខែមិថុនាផងដែរ រួមទាំង ៣នាក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍។ យោងតាមនគរបាល ការចាប់ខ្លួន ៣៨នាក់ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ សម្រាប់បទចោទប្រកាន់ផ្សេងៗគ្នា ក្នុងនោះមាន ៣៥ករណីសម្រាប់ការបំពានបំរាមគោចរ, មួយសម្រាប់ការមិនបំបែកបាតុកម្ម, មួយទៀតសម្រាប់ការតតាំង, រារាំង ឬពន្យារពេលមន្រ្តីនគរបាល និងមួយករណីទៀតសម្រាប់ការតតាំងនឹងការចាប់ខ្លួន។
ការតវ៉ាកាលពីថ្ងៃសៅរ៍នោះគឺជាផ្នែកមួយនៃចលនា "មិនមែនស្ដេច" (No Kings) ដែលជំរុញឱ្យមានបាតុកម្មនៅទូទាំងតំបន់កាលីហ្វ័រនីញ៉ាភាគខាងត្បូង និងនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងលោកប្រធានាធិបតី Donald Trump។
បាតុកម្មនៅទីក្រុង Los Angeles ដែលផ្ទុះឡើងកាលពីថ្ងៃសុក្រ ០៦ មិថុនា និងាបនរាលដាលដល់ទីក្រុងធំៗផ្សេងទៀតទូទាំងប្រទេស គឺជាការឆ្លើយតបទៅនឹងគោលនយោបាយអន្តោប្រវេសន៍មិនបន្ធូរដៃរបស់លោក Trump។ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះនិយាយថា ការដាក់ពង្រាយយោធារាប់ពាន់នាក់ទៅបាតុកម្មនោះ គឺជារឿងចាំបាច់ដើម្បីការពារទ្រព្យសម្បត្តិសហព័ន្ធ និងបុគ្គលិក៕

