មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុង Barcelona កាលពីថ្ងៃអាទិត្យ ទី១៥ មិថុនា ដើម្បីតវ៉ាទៅនឹងផលប៉ះពាល់ដែលកំពុងកើនឡើងនៃវិស័យទេសចរណ៍យ៉ាងច្រើននៅក្នុងសហគមន៍មូលដ្ឋាន។

បាតុកម្មនេះរួមមានសកម្មភាពជាច្រើន ដូចជាបាញ់កាំភ្លើងទឹក បាញ់ផ្សែងពណ៌ និងបិទច្រកចូលទៅសណ្ឋាគារ និងបោកគ្រាប់បែកផ្សែងនៅជិតហាងទំនើបៗដូចជា ហាង Louis Vuitton ជាដើម។
នៅខាងក្រៅសណ្ឋាគារមួយកន្លែង បុគ្គលិកដែលមានកំហឹងបានប្រឈមមុខជាមួយក្រុមអ្នកតវ៉ាដោយនិយាយថា លោកគ្រាន់តែធ្វើការឲ្យគេ ហើយពុំមែនជាម្ចាស់ទីតាំងនេះទេ។

សកម្មជននិយាយថា វិស័យទេសចរណ៍កំពុងជំរុញឲ្យតម្លៃផ្ទះកើនឡើង បំផ្លាញបរិស្ថាន និងធ្វើឲ្យប្រជាជនក្នុងតំបន់ភៀសខ្លួនចេញ។ លោក Vania Arana អាយុ៥៧ឆ្នាំ បាននិយាយថា «យើងត្រូវការទេសចរណ៍ដែលមានទំនួលខុសត្រូវ»។ ពុំមែនទេសចរណ៍ទ្រង់ទ្រាយធំទេ ប៉ុន្តែជាទេសចរណ៍ដែលគោរពសុខភាព ការងារ សេចក្តីថ្លៃថ្នូរ និងអ្នកទាំងឡាយដែលបម្រើការក្នុងវិស័យនេះ។ ទេសចរណ៍ច្រើនហួស នាំមកឱ្យយើងនូវភាពក្រីក្រ។