រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យ ដោយបានចោទប្រកាន់ថា ក្រុមប្រឹក្សានេះ មិនបាន«អើពើ»ជុំវិញការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើសាធារណរដ្ឋឥស្លាមទេ។
នៅក្នុងជំនួបជាមួយអ្នកការទូតបរទេសដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ លោក Araghchi បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល «មិនមានការយកចិត្តដាក់ នៅក្រុមប្រឹក្សាសន្តិសុខទេ ដោយបន្ថែមថា រដ្ឋាភិបាលលោកខាងលិច បាន «ថ្កោលទោសអ៊ីរ៉ង់ជំនួសឲ្យអ៊ីស្រាអែល បើទោះបីជាទីក្រុងតេអេរ៉ង ជា ភាគី ដែលត្រូវបានរំលោភក៏ដោយ»។
លោក Araghchi ក៏បាននិយាយដែរថា ទីក្រុងតេអេរ៉ង់មានភ័ស្តុតាង ដើម្បីបង្ហាញថា កងកម្លាំងអាមេរិកបានគាំទ្រយុទ្ធនាការវាយប្រហារដ៏ខ្លាំងក្លាដែលអ៊ីស្រាអែលបានធ្វើឡើងប្រឆាំងនឹងសាធារណរដ្ឋឥស្លាមកាលពីសប្តាហ៍មុន។
លោក Araghchi បានអះអាងថា៖«យើងមានភ័ស្តុតាងរឹងមាំនៃការគាំទ្ររបស់កងកម្លាំងអាមេរិក និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់សម្រាប់ការវាយប្រហាររបស់កងកម្លាំងយោធារបបជ្វីហ្វ»។