ប្រធានក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)លោក Volker Turk បានថ្កោលទោស សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ឡោមព័ទ្ធហ្កាហ្សា ជាទីដែលការវាយប្រហារស្លាប់មនុស្សនៅតែបន្ត បើទោះបីជាប្រទេសមួយនេះ ផ្ទុះសង្រ្គាមជាមួយគូប្រជែងក្នុងតំបន់អ៊ីរ៉ង់ក៏ដោយ ។
លោក Turk និយាយនៅថ្ងៃចន្ទនេះថា មធ្យោបាយ និងវិធីសាស្រ្តធ្វើសង្រ្គាមរបស់អ៊ីស្រាអែល បង្កឲ្យមានការភ័យខ្លាច និងការរងទុក្ខមិនអាចកាត់យល់បានលើជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ជាទីដែលការវាយប្រហារអស់រយៈពេលជាង ១៩ខែរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៥៥.៣៦២នាក់ រួមទាំងកុមាររាប់ពាន់នាក់ផងដែរ ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ស្របពេលដែលប្រភពគ្រូពេទ្យ បាននិយាយប្រាប់កាសែត Al Jazeera ថា ជនប៉ាឡេស្ទីនយ៉ាងហោច ២០នាក់ ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ នៅទូទាំងតំបន់ហ្កាហ្សា រួមទាំងអ្នកស្វែងរកជំនួយ ១៥នាក់ផងដែរនៅជិតទីតាំងចែកចាយជំនួយនៅក្នុងទីក្រុង Rafah ដែលប្រតិបត្តិការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា ។
អ្នកស្វែងរកជំនួយ ៣នាក់ទៀត ត្រូវបានគេរាយការណ៍ រងការបាញ់សម្លាប់នៅភាគខាងជើងហ្កាហ្សា ហើយមនុស្ស ២នាក់ បានស្លាប់ ក្នុងការវាយប្រហារនៅទីក្រុងហ្កាហ្សា ៕