អ៊ីស្រាអែលបានរិះគន់ធ្ងន់ៗ ចំពោះការសម្រេចរបស់បារាំង ដែលមិនបង្ហាញអាវុធវាយលុករបស់អ៊ីស្រាអែល នៅឯពិព័រណ៍យន្តហោះ ក្នុងទីក្រុងប៉ារីស ដែលជាព្រឹត្តិការណ៍ពិព័រណ៍យន្ដហោះ និងគ្រឿងយុទ្ធោបករណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក។
អ្នករៀបចំកម្មវិធី បានបិទបាំងស្តង់ដោយបន្ទះក្ដារពណ៌ខ្មៅតាមសំណើរបស់រដ្ឋបារាំង បន្ទាប់ពីក្រសួងការពារជាតិអ៊ីស្រាអែល បានបដិសេធមិនធ្វើតាមការសម្រេចរបស់បារាំង ដែលហាមឃាត់មិនឲ្យតាំងគ្រឿងយុទ្ធោបករណ៍វាយលុករបស់អ៊ីស្រាអែល ក្នុងកម្មវិធីនេះ។
ក្រសួងការពារជាតិអ៊ីស្រាអែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការសម្រេចដ៏គួរឲ្យហួសចិត្ត និងមិនធ្លាប់មានពីមុនមកនេះ បង្ហាញនូវសញ្ញាលេចចេញពីបញ្ហានយោបាយ និងពាណិជ្ជកម្ម។ បារាំងកំពុងយកលេសបញ្ហានយោបាយដែលត្រូវបានសន្មត់ឡើង ដើម្បីដកអាវុធវាយលុករបស់អ៊ីស្រាអែលពីក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិ ពោលគឺអាវុធដែលប្រកួតប្រជែងជាមួយឧស្សាហកម្មបារាំង»។
គួរបញ្ជាក់ថា ការតាំងពិព័រណ៍យន្តហោះនៅទីក្រុងប៉ារីស (Paris Air Show) បានចាប់ផ្តើមនៅថ្ងៃចន្ទនេះ ចំពេលមានជម្លោះដ៏ក្តៅគគុក រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាសង្គ្រាមដែលកំពុងបន្តមានរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ នៅមុននេះ ក្រុមហ៊ុនផលិតអាវុធរបស់អ៊ីស្រាអែល ត្រូវបានហាមប្រាមមិនឲ្យមានវត្តមាន ក្នុងកម្មវិធីតាំងបង្ហាញអាវុធផ្សេងទៀតរបស់បារាំង ក្នុងនោះមានរួមទាំងក្រុមហ៊ុម Eurosatory និង Euronaval ។
កាលពីសប្តាហ៍មុន តុលាការបារាំងបានច្រានចោលញត្តិរបស់អង្គការក្រៅរដ្ឋាភិបាល ក្នុងការហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែល មិនឲ្យមានវត្តមាននៅកម្មវិធីតាំងពិព័រណ៍ Paris Air Show ដោយសារតែអ្វីដែលពួកគេបានលើកឡើងថា គឺជាការពាក់ព័ន្ធរបស់ប្រទេសនេះ នៅក្នុង «ឧក្រិដ្ឋកម្មអន្តរជាតិ»៕