លោក Donald Trump បានជំរុញឱ្យអ៊ីរ៉ង់បន្តកិច្ចចរចាជាបន្ទាន់ជាមួយអ៊ីស្រាអែល ដើម្បីកាត់បន្ថយអរិភាព ដោយព្រមានថាជម្លោះដែលនៅតែបន្តអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។
ប្រធានាធិបតីអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទនៅដើមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney នៅខាងក្រៅកិច្ចប្រជុំ G7 ប្រទេសកាណាដាថា "អ៊ីរ៉ង់មិនឈ្នះសង្រ្គាមនេះទេ ហើយពួកគេគួរតែចរចា ពួកគេគួរតែពិក្សាភ្លាមៗមុនយឺតពេល។
ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ជុំចុងក្រោយលើទីក្រុងនានារបស់អ៊ីស្រាអែល។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែល "សម្រេចបានការគ្រប់គ្រងពីលើអាកាសទាំងស្រុងពីលើទីក្រុងតេអេរ៉ង់" ហើយបានបំផ្លាញប្រហែលមួយភាគបីនៃមីស៊ីលបាញ់ពីដីទៅដីរបស់អ៊ីរ៉ង់។
ស៊ីរ៉ែនវាយឆ្មក់តាមអាកាសត្រូវបានគេរាយការណ៍នៅក្រុង Jerusalem, Haifa និងទីក្រុង Tel Aviv ជាកន្លែងដែលមានអ្នកស្លាប់និងរបួសចុងក្រោយបំផុតពីរនាក់។
ជាការឆ្លើយតបទៅនឹងអរិភាពចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានអះអាងថា ប្រទេសនេះកំពុងរៀបចំសម្រាប់អ្វីដែលខ្លួនហៅថា "ការវាយប្រហារដោយមីស៊ីលដ៏ធំ និងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៅលើទឹកដីអ៊ីស្រាអែល"។
សារព័ត៌មានដដែលក៏បានរាយការណ៍ផងដែរថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារទៅលើមន្ទីរពេទ្យ Farabi ក្នុងទីក្រុង Kermanshah ភាគខាងលិចប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់ជនស៊ីវិលជាច្រើននាក់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានហៅការវាយប្រហារនេះថាជា«ឧក្រិដ្ឋកម្មសង្គ្រាម» និងជាការរំលោភច្បាប់អន្តរជាតិ៕