ពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ លោក Saad គឺជាជនប៉ាឡេស្ទីនមួយរូបរស់នៅក្នុងតំបន់ហ្កាហ្សា និយាយថា វាគឺជាអារម្មណ៍ជ័យជំនះ ពេលដែលពួកយើងមើលឃើញការសងសឹករបស់ទីក្រុងតេអេរ៉ង់លើប្រទេសអ៊ីស្រាអែលបែបនេះ ។
ពលរដ្ឋនៅតំបន់ហ្កាហ្សាស្រ្ទីប នាំគ្នាមើលរូបភាពវីដេអូឃ្លីបពីអគារបាក់បែក និងរថយន្តរងការឆាបឆេះដោយសារការវាយប្រហារមីស៊ីលអ៊ីរ៉ង់លើទីក្រុងជាច្រើនរបស់អ៊ីស្រាអែល ។
អ៊ីស្រាអែលមានប្រព័ន្ធការពារដែនអាកាសប្រឆាំងការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលបាលីស្ទិករាប់រយគ្រាប់ និងយានដ្រូនអត្តឃាតលើអ៊ីស្រាអែល ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ស្របពេលដែលប្រទេសបច្ចាមិត្តទាំង ២ក្នុងតំបន់មជ្ឈិមបូព៌ា រងការផលប៉ះពាល់ដូចគ្នា ។

អ៊ីស្រាអែលបង្កសង្រ្គាមតាមអាកាសរបស់ខ្លួន ជាមួយនឹងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ស្ទើរតែទាំងអស់ និងក្រុមអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ។ ពួកគេនិយាយថា បច្ចុប្បន្ន ពួកគេបានគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ និងមានបំណងបង្កើនយុទ្ធនាការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
ក្រុមមន្រ្តីអ៊ីរ៉ង់ រាយការណ៍ពីចំនួនមនុស្សស្លាប់ ២២៤នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ខណៈអ៊ីស្រាអែនិយាយថា មនុស្ស ២៤នាក់ត្រូវបានសម្លាប់ ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich និយាយថា ពលរដ្ឋអ៊ីស្រាអែលជិត ៣ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ដោយសារការខូចខាតបង្កឡើងដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ។
សង្រ្គាមនៅហ្កាហ្សា បានផ្ទុះឡើងកាលពីរយៈពេល ២០ខែមុន ក្រោយក្រុមជីវពលដឹកនាំដោយក្រុមហាម៉ាស វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្ស ២៥១នាក់ផ្សេងទៀត ធ្វើជាចំណាប់ថ្នូរ ។
ចាប់តាំងពីពេលនោះមក យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជិត ៥៥.០០០នាក់ ដែលភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ៕
