ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី លោក Sergei Shoigu បានជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (គីម ជុងអ៊ុន) ជាលើកទី២ ក្នុងរយៈពេលតិចជាង ២សប្តាហ៍ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នាថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នេះ។
សារព័ត៌មាន Interfax បានដកស្រង់សម្តីពីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលប្រាប់ថា កិច្ចពិភាក្សា រវាងលោក Kim និងលោក Shoigu ដែលរហូតដល់ឆ្នាំមុន កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនោះ បានចាប់ផ្តើមហើយ។ តែយ៉ាងណាក្ដី ប្រធានបទនៃកិច្ចពិភាក្សារបស់ពួកលោកទាំង២ មិនត្រូវបានបញ្ជាក់ឲ្យដឹងឡើយ។ លោក Shoigu ធ្លាប់បានធ្វើទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង និងបានជួបលោក Kim កាលពីថ្ងៃទី២១ ខែមីនា និងថ្ងៃទី៤ ខែមិថុនា ក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា លោក Kim និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំមុន ក្នុងនោះមានរួមទាំងកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកផងដែរ។
កូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ កាលពីចុងឆ្នាំមុន ដើម្បីជួយរុស្ស៊ីវាយរុញច្រានទាហានអ៊ុយក្រែនចេញពីតំបន់ Kursk នៅភាគខាងលិចរុស្ស៊ី។ ដោយបញ្ជាក់ពីការដាក់ពង្រាយជាលើកដំបូង ក្នុងខែមេសា លោក Putin និងលោក Kim បានពណ៌នាទាហានកូរ៉េខាងជើងដែលបានប្រយុទ្ធដើម្បីរុស្ស៊ីថា ជាវីរបុរស៕