ពេលសួរថាតើរុស្ស៊ីមានផែនការវាយតម្លៃសំណើអ៊ុយក្រែនសម្រាប់បទឈប់បាញ់ ហើយនិងរៀបចំកិច្ចប្រជុំថ្មីដែរឬទេ វិមានក្រឹមឡាំង និយាយនៅថ្ងៃអង្គារនេះថា គ្មានអ្នកណាម្នាក់ដឹងនោះទេពីពេលនៃកិច្ចចរចាដោយផ្ទាល់បន្ទាប់ជាមួយទីក្រុងគីវ នឹងកើតឡើងនោះ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា រុស្ស៊ីបានបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានព្រមព្រៀងគ្នានៅកិច្ចប្រជុំលើកមុន ដែលរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃទី ២ ខែមិថុនា ។
លោកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ រុស្ស៊ី នឹងវាយតម្លៃលើលទ្ធភាពនៃពេលវេលាសម្រាប់បន្តការចរចា ។
វិមានក្រឹមឡាំង បានលើកឡើងផងដែរថា ខ្លួនបានមើលឃើញថា អ៊ីស្រាអែលមិនចង់បានកិច្ចប្រឹងប្រែងសម្របសម្រួលនោះឡើយ ជុំវិញជម្លោះជាមួយអ៊ីរ៉ង់ ដែលឥឡូវនេះចូលដល់ថ្ងៃទី៥ ហើយ ជាអ្វីដែលទីក្រុងម៉ូស្គូបានចាត់ទុកថាជា ការកើនឡើងនូវភាពតានតឹងដ៏អាក្រក់យ៉ាងឆាប់រហ័ស ។
លោក Peskov បានអំពាវនាវឲ្យភាគីទាំង២ អនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត ។ លោកនិយាយថា ស្ថានភាពកំពុងបន្តកើនឡើងយ៉ាងឆាប់រហ័ស ។ ច្បាស់ណាស់ថាវាគឺជាកម្រិតដែលមិនអាចព្យាករទុកជាមុនបាន ៕