វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) នេះ បានលើកឡើងថា ខ្លួនបានមើលឃើញថា អ៊ីស្រាអែលមិនចង់បានកិច្ចប្រឹងប្រែងសម្របសម្រួលនោះឡើយ ជុំវិញជម្លោះជាមួយអ៊ីរ៉ង់ ដែលឥឡូវនេះចូលដល់ថ្ងៃទី៥ ហើយ ជាអ្វីដែលទីក្រុងមូស្គូបានអធិប្បាយថា ជា «ការកើនឡើងនូវភាពតានតឹងអាក្រក់ទៅៗយ៉ាងឆាប់រហ័ស»។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសរបស់ខ្លួន ជាមួយនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីសប្តាហ៍មុន ដែលបានសម្លាប់ស្ទើរតែទាំងអស់នូវបុគ្គលសំខាន់ៗរបស់អ៊ីរ៉ង់ ដូចជាមេទ័ពជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានឆ្លើយតបនឹងដោយការបាញ់ម៉ីស៊ីលយ៉ាងសន្ធាប់លើទីក្រុងរបស់អ៊ីស្រាអែល។
អំឡុងការជជែកតាមទូរសព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអំពាវនាវឲ្យភាគីទាំង២ អនុវត្ត «ការអត់ធ្មត់ឲ្យបានខ្ពស់បំផុត»។ លោកបានប្រាប់ថា៖ «ស្ថានភាពកំពុងបន្តកើនឡើងយ៉ាងឆាប់រហ័ស។ កម្រិតនៃការមិនអាចទាយទុកជាមុនបាន គឺទាំងស្រុងតែម្ដង»។
លោក Peskov បានប្រាប់ថា ការស្នើរបស់រុស្ស៊ី ក្នុងការចូលសម្របសម្រួល រវាងភាគីជម្លោះ ប្រសិនបើចាំបាច់ នៅតែមិនទាន់ទទួលបានការឆ្លើយតបដដែល ប៉ុន្តែបានបញ្ជាក់ថា ខ្លួនមើលឃើញថា អ៊ីស្រាអែលនាពេលនេះ មិនបានចាប់អារម្មណ៍ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនោះទេ។
លោក Peskov បានប្រាប់បន្ថែមថា ស្ថានទូតរុស្ស៊ី នៅទីក្រុងតេអេរ៉ង់ កំពុងសម្របសម្រួលជាមួយពលរដ្ឋរុស្ស៊ី និងផ្តល់ឱកាសឲ្យពួកគេជម្លៀសប្រទេសតាមរយៈប្រទេសជិតខាងអាស៊ែបៃហ្សង់៕