កោះតៃវ៉ាន់បានចាប់ផ្តើមការសាកល្បងក្នុងសមុទ្រ សម្រាប់នាវាមុជទឹកផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន ខណៈដែលកោះនេះបានប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធា ដើម្បីការពារទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិន។
គួរបញ្ជាក់ថា នាវានេះ គឺជាផ្នែកមួយនៃកម្មវិធីនាវាមុជទឹកដែលបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៦ ជាអ្វីដែលត្រូវបានធ្វើឡើង ដោយមានបំណងបង្កើតកងនាវាឲ្យដល់ ៨គ្រឿង។
ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលនូវការប្រើប្រាស់កម្លាំង ដើម្បីក្រសោបកោះស្វ័យគ្រប់គ្រង ដែលទទូចថា ខ្លួនជាដែនដីអធិបតេយ្យ និងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនោះឡើយ។

ក្រុមហ៊ុន Shipbuilder CSBC Corp កាលពីថ្ងៃអង្គារ (ទី១៧ ខែមិថុនា) បានឲ្យដឹងថា ការសាកល្បងក្នុងសមុទ្រ សម្រាប់នាវាមុជទឹកនេះ បានចាប់ផ្តើមនៅកំពង់ផែភាគខាងត្បូងនៃទីក្រុង Kaohsiung កាលពីថ្ងៃសៅរ៍ ពោលគឺជិត ២ឆ្នាំបន្ទាប់ពីនាវានេះត្រូវបានដាក់បង្ហាញ។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីថ្ងៃអង្គា នាវាមុជទឹកនេះបានបញ្ចប់ការសាកល្បងដោយជោគជ័យ ដែលជាដំណាក់កាលដំបូង ក្នុងចំណោមការធ្វើតេស្ត ៣ដំណាក់កាល ជាមួយនឹង «ការធ្វើតេស្តរុករកលើផ្ទៃទឹក»។
នាវាមុជទឹកនេះមានប្រវែង ៨០ម៉ែត្រ ទម្ងន់ចន្លោះពី ២.៥០០តោន ទៅ ៣.០០០តោន ហើយមានប្រព័ន្ធប្រយុទ្ធ និងមីស៊ីលក្រោមទឹកផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin។ កងទ័ពជើងទឹកបានប្រាប់ឲ្យដឹងកាលពីខែមុនថា គោលបំណង គឺបញ្ចប់ការសាកល្បងក្នុងសមុទ្រ នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ហើយការប្រគល់នាវាមុជទឹកនេះផ្លូវការ គឺនៅចុងខែវិច្ឆិកា៕

