កងកម្លាំងសន្តិសុខ និងបុរសប្រដាប់ដោយដំបង និងរំពាត់ខ្សែតីរាប់រយនាក់ បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅប្រទេសកេនយ៉ាង ក្នុងនោះការបាញ់ប្រហារអ្នកឈរក្បែររបស់មន្រ្តីនគរបាល បានធ្វើឲ្យកំហឹងកាន់តែពុះកញ្រ្ជោលខ្លាំងឡើង ។
ភាពតានតឹងបានឡើងដល់កម្រិតខ្ពស់រួចទៅហើយក្នុងប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ពេលដែលពួកគេប្រារព្ធខួប ១ឆ្នាំ ចាប់តាំងពីបាតុកម្មទ្រង់ទ្រាយធំដឹកនាំដោយក្រុម Gen Z ចំពោះស្ថានភាពសេដ្ឋកិច្ច ហើយនិងបាតុកម្មចុងក្រោយបង្កឡើងដោយសារការស្លាប់របស់បុរសម្នាក់ស្ថិតក្នុងឃុំរបស់នគរបាលកាលពីដើមខែនេះ ។
នៅសង្កាត់ធុរកិច្ចក្នុងទីក្រុង Nairobi ដែលជាចំណុចកណ្តាលនៃបាតុកម្មកាលពីឆ្នាំមុន ក្រុមបាតុករមួយក្តាប់តូច បាននាំគ្នាតវ៉ាដោយស្ងៀមស្ងាត់ ដោយពួកគេអំពាវនាវឲ្យបញ្ចប់អំពើឃោឃៅរបស់នគរបាល ។
ប៉ុន្តែភ្លាមៗនោះ ពួកគេត្រូវបានវាយប្រហារដោយក្រុមអ្នកជិះទោចចក្រយានយន្តរាប់រយនាក់ ប្រដាប់ដោយដំបង និងរំពាត់ខ្សែតី ។
ស្របពេលដែលម្ចាស់ហាងបិទធុរកិច្ចរបស់ពួកគេ ក្រុមនគរបាលដែលការពារដោយក្រុមបុរសប្រដាប់ដំបង និងរំពាត់ខ្សែតី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ ដែលបានឆ្លើយតបវិញជាមួយនឹងការចោលដុំថ្ម និងដុតទោចចក្រយានយន្ត ២គ្រឿង ៕