រដ្ឋមន្ត្រីការពារជាតិលោក Yasar Guler បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគី បានរឹតបន្តឹងវិធានការសន្តិសុខនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវិវឌ្ឍន៍នាពេលថ្មីៗនេះ ខណៈមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ ក្នុងពេលមានការវាយប្រហាររបស់អ៊ីស្រាអែល។

លោក Guler បានធ្វើដំណើរទៅស្រុក Baskale ព្រំដែនប្រទេសទួរគី ដើម្បីពិនិត្យវិធានការនៅទីនោះ។
លោក Guler បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីយោធានៅតាមព្រំដែនថា «យើងកំពុងចាត់វិធានការចាំបាច់ក្នុងវិធីច្រើនយ៉ាង និងជាមធ្យោបាយខ្លាំងបំផុតសម្រាប់សុវត្ថិភាពនៃមាតុភូមិ និងប្រជាជនរបស់យើង ដោយចាប់ផ្តើមពីសន្តិសុខនៅខ្សែបន្ទាត់ព្រំដែន និងជើងមេឃរបស់យើង»។

ព្រំដែនរបស់ប្រទេសទួរគីជាមួយប្រទេសអ៊ីរ៉ង់មានចម្ងាយ៥៦០គីឡូម៉ែត្រ ដោយផ្នែកមួយចំនួនត្រូវបានបិទដោយជញ្ជាំងដែលត្រូវបានសាងសង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាចម្បងដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលបានឆ្លងកាត់អ៊ីរ៉ង់ដើម្បីបានទៅដល់ប្រទេសទួរគី បន្ទាប់ពីក្រុមតាលីបង់ បានចូលកាន់កាប់។