បាល់ទាត់៖ ក្រុមដំរីសឹកថៃបានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតបាល់ទាត់ជើងឯកអាស៊ាន AFF Championship ជាលើកទី៩ ក្នុងប្រវត្តិសាស្ត្រក្រោយទំលាក់ការពារជើងឯកវៀតណាមសរុបទាំងពីរជើង ២-០។ បន្ទាប់ពីយកឈ្នះជើងទី១ លើវៀតណាម ២-០ ដោយ Chanathip Songkrasin ពីរគ្រាប់ម្នាក់ឯងថៃលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ដោយទំនុកចិត្ត ដោយបិទមិនឱ្យក្រុមវៀតណាមរកបានគ្រាប់បាល់ឡើយ។

ក្រោយចប់ការប្រកួតគ្រូបង្វឹកថៃលោក Alexander Polking និយាយថា លោកមានមោទនភាពលើកូនក្រុមទាំងអស់ ជាពិសេសខ្សែការពារ និងអ្នកចាំទីដែលបំពេញតួនាទីយ៉ាងអស្ចារ្យ ទាំងអស់នេះហើយដែលបញ្ជាក់ថា ក្រុមរបស់លោកខ្លាំងទាំងប្រយុទ្ធ និងការពារ។ ចំណែកគ្រូបង្វឹកវៀតណាមលោក Park Hang-seo និយាយថា លោកសូមទទួលយកបរាជ័យថ្ងៃនេះ បើទោះជាក្រុមរបស់លោកមានប្រៀបខ្លាំងនៅជើងទី២ នេះក៏ដោយ។ សូមបញ្ជាក់ថា ក្រុមជំរើសជាតិថៃជាក្រុមដែលឈ្នះជើងឯកបាល់ទាត់អាស៊ាននេះច្រើនលើកជាងគេដល់ទៅ ៥ដង ខណៈពេលនេះពួកគេកំពុងសំឡឹងពន្លាតកំណត់ត្រាឈ្នះជើងឯកដល់ ៦លើកនៅពេលជួបជាមួយក្រុមឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃទី២៩ ខែធ្នូនេះ និងជើងទី២ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕
អត្ថបទ៖នាង សុភាវុធ