រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់ មិនបានបញ្ជូនក្រុមអ្នកចរចាទៅកាន់ប្រទេសអូម៉ង់ ដែលនាពេលមុននេះ បានរៀបចំកិច្ចពិភាក្សាជាច្រើនជុំ ជាមួយសហរដ្ឋអា មេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។
លោកបានប្រាប់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតាថា៖«យើងមិនបានបញ្ជូនក្រុមអ្នកចរចា ទៅកាន់ប្រទេសអូម៉ង់ទេ។ «ខ្ញុំមិនបានចាកចេញពីទីក្រុងតេអេរ៉ង់ជាមួយក្រុមចរចាទេ។ ព័ត៌មាននេះ គឺមិនពិតទេ។

កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយចំនួន បានរាយការណ៍ដោយដកស្រង់ពីសារព័ត៌មានរ៉យទ័រថា ក្រុមអ្នកចរចាអ៊ីរ៉ង់មួយក្រុម បានមកដល់ប្រទេសអូម៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail Baqaei បានបដិសេធរបាយការណ៍នេះ នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារព័ត៌មាន IRNA។ ក្រោយមក IRNA បានរាយការណ៍ថា ព័ត៌មាននេះ កំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយយោងទៅសារព័ត៌មាននេះ ប៉ុន្តែមិនអាចរកឃើញការបោះពុម្ពផ្សាយបែបនេះ នៅលើបណ្តាញព័ត៌មានរបស់ទីភ្នាក់ងារនេះទេ។
ចាប់តាំងពីខែមេសាមក សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលរួមក្នុងកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ គណៈប្រតិភូអ៊ីរ៉ង់ដែលចូលរួមការចរចានេះ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ខណៈគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេសប្រធានាធិបតីអាមេ រិកលោក Steve Witkoff។ បន្ទាប់ពីការប៉ុនប៉ងជាច្រើន ត្រូវបានធ្វើឡើង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយផ្សេងទៀត កិច្ចពិភាក្សានេះ កំពុងឈានទៅរកការបរាជ័យ ដោយសារតែការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។
កិច្ចចរចាជុំទី៦ គ្រោងនឹងធ្វើឡើងនៅរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ នៅថ្ងៃទី ១៥ ខែមិថុនា ប៉ុន្តែត្រូវបានលុបចោល ចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់។
