មេធាវីបាននិយាយនៅថ្ងៃសុក្រ (២០ មិថុនា) នេះថា តុលាការជាន់ខ្ពស់របស់ម៉ាឡេស៊ី បានសម្រេចទម្លាក់ចោលបទចោទប្រកាន់ ប៉ុន្តែមិនមែនឱ្យរួចខ្លួនពីទោសនោះទេ ជុំវិញបទសម្អាតប្រាក់កខ្វក់របស់លោកអតីតនាយករដ្ឋមន្ត្រី Najib Razak ក្នុងសំណុំរឿងដ៏រ៉ាំរ៉ៃមួយពាក់ព័ន្ធនឹងអតីតអង្គភាពនៃមូលនិធិរដ្ឋ 1MDB ដែលមានរឿងអាស្រូវ។

លោក Najib បានជាប់ពន្ធនាគារតាំងពីខែសីហា ឆ្នាំ២០២២មក បន្ទាប់ពីរកឃើញថាមានទោសពីបទពុករលួយ និងលាងសម្អាត់ប្រាក់កខ្វក់ ជុំវិញមូលនិធិដែលត្រូវបានកិបកេងបន្លំពីក្រុមហ៊ុនអភិវឌ្ឍ SRC International — ដែលជាអតីតសាខារបស់កម្មវិធី 1Malaysia Development Berhad ឬហៅថាមូលនិធិរដ្ឋ 1MDB — ដែលអាជ្ញាធរម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនិយាយថា ទឹកប្រាក់ប្រហែល ៤,៥ពាន់លានដុល្លារ ត្រូវបានលួចនៅក្នុងគម្រោងដ៏ស្មុគស្មាញមួយ ដែលគ្របដណ្តប់លើពិភពលោក។

លោក Najib ក៏កំពុងប្រឈមការចោទប្រកាន់ពីបទលាងសម្អាតប្រាក់ចំនួន ៣ករណីដាច់ដោយឡែកពីគ្នាជាង ២៧លានរីងហ្គីត (៦,៤លានដុល្លារ) ដែលចោទថាត្រូវបានកេងបន្លំមកពីក្រុមហ៊ុន SRC ដដែលនោះ។ មេធាវីរបស់លោក ឈ្មោះ Muhammad Shafee Abdullah បានប្រាប់អ្នកយកព័ត៌មានថា បណ្ដឹងនេះបានជាប់គាំងម្តងហើយម្តងទៀតតាំងពីឆ្នាំ២០១៩មក ដោយសារតែការពន្យារពេលនីតិវិធី ដែលជំរុញឱ្យតុលាការកំពូល ក្នុងថ្ងៃសុក្រនេះ អនុញ្ញាតយល់ព្រមលើសំណើឱ្យទម្លាក់បទចោទលើលោក Najib ដែលមិនស្មើទៅនឹងការលើកលែងទោសនោះទេ។

លោក Muhammad Shafee បន្ថែមថា សេចក្ដីសម្រេចនេះគឺយុត្តិធម៌ណាស់ ដោយសារតែអយ្យការនៅតែមានសេរីភាពក្នុងការដាក់បទចោទឡើងវិញ នៅពេលពួកគេត្រៀមខ្លួនរួចដើម្បីដំណើរការក្ដី។ សេចក្ដីសម្រេចនៅថ្ងៃសុក្រនេះគឺជាលើកទីពីរហើយ ដែលការចោទប្រកាន់ពាក់ព័ន្ធនឹង 1MDB ប្តឹងលើលោក Najib ត្រូវបានទម្លាក់ចោល៕