តម្លៃអង្ករបានឡើងថ្លៃខ្ពស់មួយជាពីរ ក្នុងខែឧសភា នៅប្រទេសជប៉ុន ខណៈដែលអតិផរណាស្នូល បានកើនឡើង។ នេះបើតាមការបង្ហាញពីទិន្នន័យផ្លូវការ នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) នេះ ជាអ្វីដែលបង្កការគំរាមកំហែងដល់នាយករដ្ឋមន្ត្រី លោក Shigeru Ishiba នៅមុនការបោះឆ្នោតខែកក្កដា។
ការបោះឆ្នោតជ្រើសរើសសភាជាន់ខ្ពស់របស់សភា ដែលគរោងកើតឡើងក្នុងខែកក្កដា គឺសំខាន់ណាស់សម្រាប់លោក Ishiba បន្ទាប់ពីការគាំទ្រសាធារណៈ ចំពោះរដ្ឋាភិបាលរបស់លោក បានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីលោកបានចូលកាន់តំណែង ក្នុងខែតុលា ដែលមួយផ្នែកដោយសារតែការខកចិត្តចំពោះការចំណាយនៃការរស់នៅ។

ទិន្នន័យរបស់ក្រសួងមហាផ្ទៃបានបង្ហាញថា ក្នុងខែឧសភា អត្រាអតិផរណាស្នូលរបស់ជប៉ុន ដែលមិនរាប់បញ្ចូលតម្លៃប្រែប្រួលនៃអាហារស្រស់ផងដែរនោះ បានឡើងដល់ ៣,៧ភាគរយ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែមករា ឆ្នាំ២០២៣។ តួលេខនេះបានលើសតិចតួចជាងកម្រិតនៃការរំពឹងទុករបស់ទីផ្សារ ហើយបានកើនឡើងពី ៣,៥ភាគរយ បើធៀបនឹងឆ្នាំមុនដែលបានហក់ដល់កម្រិតខ្ពស់បំផុត ក្នុងខែមេសា។
អង្ករមានតម្លៃថ្លៃជាង ២ដង ធៀបនឹងឆ្នាំមុន បើទោះជារដ្ឋាភិបាលបានបញ្ចេញស្តុកគ្រាប់ធញ្ញជាតិបន្ទាន់ ដើម្បីព្យាយាមធ្វើឲ្យតម្លៃធ្លាក់ចុះក៏ដោយ។ បញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ បានធ្វើឲ្យមានការខ្វះខាតអង្ករនៅក្នុងហាងនានា ដោយតម្លៃគ្រាប់ធញ្ញជាតិមួយនេះ ឡើង ១០១ភាគរយធៀបនឹងឆ្នាំមុន ក្នុងខែឧសភា ពោលគឺខ្ពស់ជាងកម្រិតដ៏គួរឲ្យភា្ញក់ផ្អើល ៩៨ភាគរយ នៅក្នុងខែមេសា៕
