អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីរំពឹងថា នឹងមានការព្រមព្រៀងជាមួយអ៊ុយក្រែន នៅសប្តាហ៍ក្រោយ ជុំវិញកាលបរិច្ឆេទ សម្រាប់កិច្ចចរចាសន្តិភាពជុំទី៣។
លោក Peskov បាននិយាយថា ជំនួយការរបស់វិមានក្រឹមឡាំង លោក Vladimir Medinsky ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី កំពុងទាក់ទងជាមួយសមភាគីអ៊ុយក្រែន។
គួរបញ្ជាក់ថា ដោយបានចាប់ផ្ដើមការចរចាឡើងវិញ ក្រោយរយៈពេលជាង ៣ឆ្នាំ ភាគីទាំង២ បានជួបពិភាក្សាទល់មុខគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី១៦ ខែឧសភា និងថ្ងៃទី២ ខែមិថុនា ដែលជាលទ្ធផលនាំឲ្យមានការដោះដូរអ្នកទោសជាបន្តបន្ទាប់ និងការប្រគល់សពទាហានដល់ភាគីម្ខាងៗ។

ប៉ុន្តែប្រទេសទាំង២ មិនបានឈានដល់បទឈប់បាញ់មួយដែលអ៊ុយក្រែន ដោយមានការគាំទ្រពីលោកខាងលិច បាននិងកំពុងជំរុញឲ្យកើតឡើងនោះទេ។ រុស្ស៊ីប្រាប់ថា ខ្លួនចង់បានដំណោះស្រាយចុងក្រោយ មិនមែនគ្រាន់តែជាការផ្អាក ក្នុងការប្រយុទ្ធនោះទេ ហើយកំពុងលើកឡើងដដែល ពាក់ព័ន្ធនឹងការទាមទារដែនដី និងការទាមទារផ្សេងទៀត ដែលអ៊ុយក្រែនចាត់ទុកថា នឹងស្មើនឹងការព្រមចុះចាញ់។
ហើយអ្វីដែលសំខាន់នោះ គឺថា ជម្លោះកាន់តែមានសភាពតានតឹង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយរុស្ស៊ីបានធ្វើប្រតិបត្តិការតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតមួយចំនួន ខណៈដែលអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយានដ្រូនដ៏គួរឲ្យភ្ញាក់ផ្អើល លើអាកាសយានដ្ឋាន កាលពីថ្ងៃទី១ ខែមិថុនា ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី៕
