ព្រះវិហារ៖ សម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បាននិមន្តយាង និងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១,២៧០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាជនយើង ដែលរស់នៅតាមបណ្តាយព្រំដែន។
លោកស្រីបណ្ឌិត បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុងឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាមដែលបណ្តាលមកពីមូសខាំ និងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។
ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋទាំងអស់ដែលបានមកស្នាក់នៅបណ្តោះអាសន្នវត្តពោធិ៍៥០០០ដើម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះសង្ឃនាយករង និងលោកស្រីបណ្ឌិត ជា សិរី ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកឧបត្ថម្ភអំណោយដ៏មានតម្លៃនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តម។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា៖សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការរួបរួមគ្នាក្នុងសង្គម ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។
អំណោយដ៏ថ្លៃថ្លាដែលបានចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ចំនួន ២០ តោន, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, អំបិល ១,០០០គីឡូក្រាម, មី ២០០កេស, ពងមាន់ ១០,០០០គ្រាប់ និងថវិកាចំនួន ១០០,០០០រៀល ក្នុងមួយគ្រួសារ៕













