មជ្ឈិមបូព៌ា៖ សង្គ្រាមបានបន្តផ្ទុះឡើងនៅក្នុងប្រទេសមួយចំនួន នៃតំបន់មជ្ឈិមបូព៌ានៅឆ្នាំ២០២១ នេះ។ សង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែនបច្ចុប្បន្ននេះបានឈានចូលដល់ឆ្នាំទី៧ ដោយមានការប្រយុទ្ធគ្នានៅជុំវិញទីក្រុង Marib និងទីក្រុង Taiz រវាងក្រុមឧទ្ទាមហួរធីគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ គាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋអារ៉ាប់ផ្សេងទៀត និងប្រទេសលោកខាងលិច។

យោងតាមមូលដ្ឋានទិន្នន័យដែលតាមដានអំពើហិង្សាបានឲ្យដឹងថា សង្គ្រាមនៅយេម៉ែនបានបណ្ដាលឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ធ្វើឱ្យមនុស្សរាប់លាននាក់រងទុក្ខដោយសារកង្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ ហើយសង្គ្រាមបានសម្លាប់មនុស្សជាង ១៣០,០០០នាក់រួមទាំងក្រុមអ្នកប្រយុទ្ធ និងជនស៊ីវិល។ រីឯនៅក្នុងប្រទេសស៊ីរី ការវាយឆ្មក់តាមអាកាសដោយមិនរើសអើងពីសំណាក់រដ្ឋាភិបាល និងអ្នកគាំទ្ររុស្ស៊ីរបស់ខ្លួនបានបន្តកំណត់គោលដៅលើទីក្រុង Idlib ជាទឹកដីកាន់កាប់ចុងក្រោយរបស់ពួកឧទ្ទាមនៅក្នុងប្រទេស។ មានការប្រយុទ្ធគ្នាជាថ្មីជាមួយពួកឧទ្ទាមនៅភាគនិរតីប្រទេស និងការបំផ្ទុះគ្រាប់បែកដែលគ្មានអ្នកទទួលខុសត្រូវ ចំពោះទីក្រុងនានានៅភាគខាងជើងប្រទេសស៊ីរី។
ជម្លោះរបស់ប្រទេសស៊ីរីបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០១១ ហើយបានធ្វើឱ្យមនុស្សចន្លោះពី ៣៥០,០០០នាក់ទៅ ៤៥០,០០០នាក់បានស្លាប់ ហើយប្រជាជនរាប់សែននាក់បានផ្លាស់ទីរួមទាំង ៥លាននាក់ជាជនភៀសខ្លួននៅក្រៅប្រទេស។ នៅអ៊ីស្រាអែលឯណោះវិញ សង្គ្រាមនៅតំបន់ហ្កាហ្សាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានកើតមានឡើង បន្ទាប់ពីភាពតានតឹងនៅក្រុងហ្សេរុយសាឡឹមរវាងដែនដីប៉ាឡេស្ទីន និងអ្នកតាំងលំនៅជាជនជាតិជ្វីហ្វ។ ជុំនៃអំពើហិង្សានេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៥៦នាក់ និងជនជាតិអ៊ីស្រាអែល ១៥នាក់៕
អត្ថបទ៖ ប៊ុនថន