មានសញ្ញាពីវឌ្ឍនភាពតិចតួច បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអឺរ៉ុប បានជួបប្រជុំជាមួយសមភាគីអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ (ទី២០ ខែមិថុនា) ជាជំនួបដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា កុំឲ្យកើនឡើងខ្លាំងទៅៗ តែរដ្ឋមន្ត្រីទាំងអស់បានបង្ហាញពីការត្រៀមខ្លួនបន្តការពិភាក្សា ទោះបីជាមានចំណុចជាប់គាំងសំខាន់ៗក៏ដោយ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង ដែលត្រូវបានស្គាល់ថា E3 បូករួមនឹងសហភាពអឺរ៉ុប (EU) បានជំរុញឲ្យអ៊ីរ៉ង់ចូលរួមជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ខ្លួន ទោះបីជាទីក្រុងតេអេរ៉ង់បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួននឹងមិនបើកការពិភាក្សាជាមួយរដ្ឋបាលរបស់លោក Donald Trump រហូតទាល់តែការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ បានបញ្ចប់ជាមុនសិន។
អ្នកការទូតបានលើកឡើងថា កិច្ចពិភាក្សានេះមានគោលបំណងសាកល្បងឆន្ទៈរបស់ទីក្រុងតេអេរ៉ង់ ក្នុងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី បើទោះបីជាមិនមានការរំពឹងទុកជាក់ស្តែងណាមួយដែលអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួន ក្នុងពេលឆាប់ៗនេះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយថា៖ «រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហាញពីឆន្ទៈក្នុងការបន្តការពិភាក្សា អំពីកម្មវិធីនុយក្លេអ៊ែរ និងកាន់តែទូលំទូលាយ លើគ្រប់បញ្ហា ហើយយើងរំពឹងថា អ៊ីរ៉ង់នឹងប្តេជ្ញាចិត្ត ចំពោះការពិភាក្សា ក្នុងនោះរួមទាំងជាមួយសហរដ្ឋអាមេរិក ដើម្បីឈានដល់ការព្រមព្រៀងសន្តិភាព»។
សម្រាប់ភាគីអ៊ីរ៉ង់វិញ រដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi បាននិយាយថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិចារណាលើផ្នែកការទូត នៅពេលដែលអ៊ីស្រាអែល បានបញ្ឈប់ការវាយប្រហាររបស់ខ្លួន និងទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន៕
