អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev)បានចេញការព្រមានវាយប្រហារនុយក្លេអ៊ែរជាថ្មីទៀត ដោយព្រមានថា រាល់ការប្រើប្រាស់គ្រាប់បែកសាចបំណែកគ្រឿងផ្ទុះវិទ្យុសកម្ម របស់អ៊ុយក្រែន នឹងបង្កឱ្យមានការឆ្លើយតបវិញយ៉ាងចាស់ដៃ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីភាគីរុស្ស៊ី។
សេចក្តីថ្លែងការណ៍ដែលត្រូវបានចែករំលែកនៅលើបណ្តាញ Telegram របស់លោក បង្ហាញពីការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក Medvedev ក្នុងសង្គ្រាមវោហារសាស្ត្រ ខណៈលោកខាងលិចនៅតែជាប់គាំងជាមួយនឹងសង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។
នៅក្នុងការប្រកាសនោះ លោកបានចំអកការផ្លាស់ប្តូរជំហររបស់ទីក្រុងវ៉ាស៊ីនតោន ដោយលើកឡើងថា សហរដ្ឋអាមេរិកឥឡូវនេះ នឹងងាកទៅគាំទ្រនិងការការពារអ៊ីស្រាអែលកាន់តែខ្លាំង ភ្លេចការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន។
លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃសុក្រ ២០ មិថុនា បានព្រមានអ៊ុយក្រែនប្រឆាំងនឹងគំនិតនៃការប្រើប្រាស់គ្រាប់បែកសាចបំណែកគ្រឿងផ្ទុះវិទ្យុសកម្ម (dirty bomb)ប្រឆាំងនឹងរុស្ស៊ី ជាអ្វីមួយដែលលោកបាននិយាយថានឹងនាំទៅរកផលវិបាកដ៏មហន្តរាយសម្រាប់ទីក្រុង Kyiv ប៉ុន្តែបាននិយាយថា លោកពុំបានមើលឃើញភស្តុតាងណាមួយដែលថាអ៊ុយក្រែនគ្រោងនឹងប្រើនោះទេ។
លោក Putin បានបញ្ជាក់ថា ប្រសិនបើទីក្រុង Kyiv ប្រើគ្រាប់បែកនេះ ការឆ្លើយតបរបស់រុស្ស៊ី ប្រហែលជាមហន្តរាយសម្រាប់មេដឹកនាំនយោបាយរបស់អ៊ុយក្រែន និងសម្រាប់អ៊ុយក្រែនទាំងមូល៕