ប្រជាពលរដ្ឋប៉ាឡេស្ទីន បន្តស្លាប់រាល់ថ្ងៃក្រោមដៃអ៊ីស្រាអែល រួមទាំងអ្នកចាំទទួលជំនួយ។ចំនួនអ្នកស្លាប់បានឡើងដល់ជាង ៥៥.០០០នាក់ និងរបួសជាង១៣១.០០០នាក់ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ មនុស្សយ៉ាងហោចណាស់២៦នាក់ រួមទាំងអ្នកស្វែងរកជំនួយជាច្រើនទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ការវាយប្រហារកើតឡើងពេលប្រជាជនប៉ាឡេស្ទីនអស់សង្ឃឹមក្រោមការរារាំងរបស់អ៊ីស្រាអែលបន្តរង់ចាំនៅចំណុចចែកចាយអាហារទន្ទឹមនឹងមានវិបត្តិអត់ឃ្លាននៅតែបន្ត។

ពលរដ្ឋហ្កាហ្សាដែលព្យាយាមទៅទទួលជំនួយនៅមជ្ឈមណ្ឌលចែកចាយជំនួយមួយក្នុងចំណោមទីតាំង៤កន្លែង ដែលដំណើរការដោយមូលនិធិជំនួយហ្កាហ្សា(GHF)គាំទ្រដោយអាមេរិក និងអ៊ីស្រាអែលបានរៀបរាប់ថា ទីតាំងចែកជំនួយគឺជាកន្លែងដ៏គ្រោះថ្នាក់។ គ្រប់ពេលវេលា ពួកគេតែងលឺស្នូរគ្រាប់កាំភ្លើង និងគ្រាប់ហោះរំលងក្បាលពួកគេ។
ជារៀងរាល់ថ្ងៃ នៅគ្រប់ទីកន្លែងក្នុងដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ការប្រមូលផ្តុំនានាមានគ្រោះថ្នាក់ណាស់ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបើកការបាញ់ប្រហារ។
ចំនួនអ្នកស្លាប់ពិតប្រាកដក្នុងរយៈពេល១២ ថ្ងៃចុងក្រោយនេះ គឺមិនច្បាស់លាស់ទេ។ អាជ្ញាធរវេជ្ជសាស្រ្ដនៅហ្កាហ្សានិយាយថា មនុស្សប្រហែល ៤៥០ នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបានរងរបួស។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសារភាពថា អ្នកខ្លះបានរងរបួសដោយសារការបាញ់ប្រហាររបស់ពួកគេ ប៉ុន្តែមិនបានទទួលស្គាល់ការស្លាប់ណាមួយក្នុងការបាញ់ប្រហារនោះទេ ។ពួកគេនិយាយថា ការបាញ់ប្រហារគឺសំដៅទៅលើជនសង្ស័យ ដែលបានបង្កការគំរាមកំហែងដល់កងកម្លាំងរបស់ពួកគេ ហើយគ្រាន់តែជាការបាញ់ព្រមានប៉ុណ្ណោះ៕

