ហ្វូងមនុស្សរាប់រយនាក់ បានសម្រុកចេញតវ៉ានៅទីក្រុងឡាអេ កាលពីថ្ងៃអាទិត្យ (២២ មិថុនា) ប្រឆាំងនឹងអង្គការណាតូ និងការចំណាយយោធាដ៏ច្រើនលើសលប់ ព្រមទាំងប្រឆាំងនឹងជម្លោះដែលអាចកើតមានជាមួយអ៊ីរ៉ង់ រយៈពេលពីរថ្ងៃប៉ុណ្ណោះមុនពេលកិច្ចប្រជុំកំពូលនៃសម្ព័ន្ធយោធានេះធ្វើឡើងនៅទីក្រុងរបស់ហូឡង់មួយនេះ ដែលកំពុងតែស្វះស្វែងរកការបង្កើនថវិកាវិស័យការពាររបស់សម្ព័ន្ធមិត្ត។

អ្នកនយោបាយបែលហ្ស៊ិក Jos d'Haese បានប្រាប់ហ្វូងបាតុករនៅឯសួនឧទ្យានមិនឆ្ងាយពីកន្លែងជំនួបកំពូលនោះថា "ចូរវិនិយោគលើសន្តិភាព និងថាមពលប្រកបដោយនិរន្តរភាព ជាជាងលើសព្វាវុធសម្រាប់សង្រ្គាម"។ អ្នកតវ៉ាផ្សេងទៀតបានសម្ដែងការប្រឆាំងនឹងជម្លោះ ដោយនិយាយថា "ប្រជាជនចង់រស់នៅដោយសន្តិភាព"។
ទោះបីជាត្រូវចាត់ទុកថាជាបាតុកម្មប្រឆាំងនឹងអង្គការណាតូ និងសង្គ្រាមនៅតំបន់ហ្កាហ្សាក៏ដោយ ក៏ក្រុមអ្នកតវ៉ាទាំងនោះត្រូវបានចូលរួមដោយជនជាតិអ៊ីរ៉ង់ ដែលបានលើកបដាសរសេរថា "កុំមានសង្រ្គាមអ៊ីរ៉ង់" រយៈពេលមួយថ្ងៃបន្ទាប់ពីអាមេរិក បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួន ៣របស់អ៊ីរ៉ង់។
គួរឱ្យដឹងថា ប្រទេសហូឡង់ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សម្ព័ន្ធយោធា ៣២ប្រទេសមួយនេះ ដែលចាប់ផ្តើមពីថ្ងៃអង្គារ (២៤ មិថុនា) ហើយបណ្ដាមេដឹកនាំនៃប្រទេសសមាជិកគ្រោងនឹងជួបប្រជុំនៅថ្ងៃពុធ (២៥ មិថុនា)។ ប្រមុខរដ្ឋាភិបាលនានាចង់សម្រេចបានកិច្ចព្រមព្រៀងលើការបង្កើនចំណាយវិស័យការពារជាតិចំនួន ៥% នៃផលិតផលក្នុងស្រុកសរុប GDP ដែលទាមទារដោយលោកប្រធានាធិបតីអាមេរិក Donald Trump៕


