អាមេរិក៖ ចំនួនករណីឆ្លងវីរុស Covid-19 បន្តកើនឡើងខ្ពស់ ខណៈអ្នកធ្វើដំណើរត្រឡប់មកប្រទេសវិញបន្ទាប់ពីបុណ្យណូអែល ហើយប្រជាជនអាមេរិកត្រៀមសម្រាប់ថ្ងៃឈប់សម្រាកចុងសប្តាហ៍ផ្សេងទៀតនៅសប្ដាហ៍នេះ។ យោងតាមទិន្នន័យកាលពីថ្ងៃអាទិត្យពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិកឥឡូវនេះមានករណីឆ្លងវីរុស Covid-19 ប្រចាំថ្ងៃជាមធ្យម ១៩៨,៤០៤នាក់។ នោះគឺស្មើនឹង ៤៧% ខ្ពស់ជាងមួយសប្តាហ៍មុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ ខែមករាមក។

វីរុសបម្លែងខ្លួនថ្មី Omicron ថ្មីបានជំរុញឱ្យមានករណីឆ្លងវីរុស COVID-19 កើនឡើងក្នុងរដូវរងា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅទូទាំងសហរដ្ឋអាមេរិក និងការឆ្លងប្រចាំថ្ងៃបានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា។ លោកវេជ្ជបណ្ឌិត Jonathan Reiner អ្នកវិភាគផ្នែកវេជ្ជសាស្ត្ររបស់ទូរទស្សន៍ CNN បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ខ្ញុំគិតថា យើងនឹងឃើញករណីឆ្លងពាក់កណ្តាលលានក្នុងមួយថ្ងៃ វាអាចកើតមាននៅសប្តាហ៍ក្រោយរហូតដល់ ១០ថ្ងៃខាងមុខ។ ប្រជាជនអាមេរិកប្រមាណ ៧១,០០០នាក់ត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ Covid-19 កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមក្រសួងសុខាភិបាលសហរដ្ឋអាមេរិក។ យោងតាមសាកលវិទ្យាល័យ Johns Hopkins ជាមធ្យមជនជាតិអាមេរិកចំនួន ១,៤០៨នាក់បានស្លាប់ដោយសារវីរុស Covid-19 ជារៀងរាល់ថ្ងៃក្នុងអំឡុងសប្តាហ៍ដែលបញ្ចប់ថ្ងៃអាទិត្យមុន។ នោះគឺជាការកើនឡើង ១៧% ធៀបនឹងមួយសប្តាហ៍មុន។
ចំណែកលោកវេជ្ជបណ្ឌិត Anthony Fauci បានប្រាប់ CNN កាលពីថ្ងៃចន្ទថា ខណៈវីរុសបម្លែងខ្លួនថ្មី Omicron កំពុងឆ្លងខ្លាំង "យើងប្រាកដជានៅតែមើលឃើញការកើនឡើងករណីឆ្លងមួយរយៈទៀត។ យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក ឬ CDC បានឱ្យដឹងថា កុមារប្រហែល ៧៥,០០០នាក់ចាប់ពីទារករហូតដល់មនុស្សវ័យ ១៧ឆ្នាំត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ Covid-19 ចាប់តាំងពីខែសីហា ឆ្នាំ២០២០ មក។ គិតត្រឹមព្រឹកថ្ងៃអង្គារ សហរដ្ឋអាមេរិកមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ៥៣,៦៥៥,១៧១នាក់, ឆ្លងថ្មីចំនួន ១៨៤,៩៦៩នាក់, ស្លាប់សរុបចំនួន ៨៣៩,១៩៧នាក់ និងស្លាប់ថ្មីចំនួន ៥៤១នាក់៕
អត្ថបទ៖ សុខមាន