ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិន ក្នុងនាមជានាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានប្រាប់សមភាគីចិនថា លោកសង្ឃឹមថា នឹងបន្តរក្សាការជឿទុកចិត្ត និងការយោគយល់គ្នា រវាងមេដឹកនាំនៃប្រទេសទាំង២ ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរបស់ភាគីទាំង២។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅទីក្រុងប៉េកាំង នាថ្ងៃចន្ទ (ទី២៣ ខែមិថុនា) នេះ លោក Wong បានលើកឡើងថា ទំនាក់ទំនង រវាងប្រទេសចិន និងសិង្ហបុរី បានបន្តមានភាពកាន់តែស៊ីជម្រៅ និងរីកចម្រើន ដោយសារតែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាដៃគូដែលត្រូវបានកសាងឡើងផ្អែកលើកម្រិតនៃការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ។
លោក Wong បានប្រាប់ថា៖ «កម្រិតនៃការជឿទុកចិត្ត និងការយោគយល់គ្នាយ៉ាងស៊ីជម្រៅនេះ មិនអាចត្រូវបានព្រងើយកន្តើយនោះទេ។ វាត្រូវតែត្រូវបានលើកកម្ពស់ និងបន្តថែរក្សាពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់»។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបានបន្ថែមថា៖ «ដោយផ្ទាល់ខ្លួន ខ្ញុំទន្ទឹងរង់ចាំមានទំនាក់ទំនង និងការជឿជាក់បែបនេះជាមួយអ្នក លោកនាយករដ្ឋមន្ត្រី Li ដើម្បីឲ្យយើងអាចបន្តទំនាក់ទំនងរបស់យើងទៅមុខ និងពង្រឹងទំនាក់ទំនងកាន់តែជិតស្និតថែមទៀត»។
ចំណែកលោក Li វិញ បានកត់សម្គាល់ថា លោក Wong បានធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសដំបូងគេ សម្រាប់ដំណើរទស្សនកិច្ចដំបូងរបស់លោកនៅខាងក្រៅប្រទេសអាស៊ាន (ASEAN) បន្ទាប់ពីបានឈ្នះការបោះឆ្នោតសកល កាលពីខែឧសភា។ លោក Li បានបញ្ជាក់បន្ថែមថា៖ «នេះឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលរដ្ឋាភិបាលសិង្ហបុរីថ្មីផ្ដល់ឲ្យដល់ទំនាក់ទំនងចិន-សិង្ហបុរី»៕