រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលនឹងហាមឃាត់ក្រុមយុទ្ធនាការ មានឈ្មោះថាសកម្មភាពគាំទ្រប៉ាឡេស្ទីន(Palestine Action) ក្រោមច្បាប់ប្រឆាំងភេរវកម្ម បន្ទាប់ពី «ការសម្រុកចូលដ៏ខ្លាំងក្លា» នៅមូលដ្ឋានកងទ័ពអាកាសធំបំផុតរបស់ចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន។

ក្រុមនេះ បានថ្កោលទោសបម្រាមដែលបានស្នើឡើងប្រកាសដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Yvette Cooper ថាជា «ប្រតិកម្មមិនថ្លៃថ្នូរ» ហើយអ្នកគាំទ្ររបស់ក្រុមនេះ បានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងឡុងដ៍ភាគកណ្តាល ខណៈពួកគេបានតវ៉ាចំពោះការចំណាត់ការនេះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមសកម្មជនសកម្មភាពគាំទ្រប៉ាឡេស្ទីន(Palestine Action) បានសម្រុកចូលមូលដ្ឋាន RAF Brize Norton នៅភាគខាងត្បូងប្រទេសអង់គ្លេស ដោយបានចោទជាសំណួរអំពីសន្តិសុខនៅទីតាំងនោះ និងបានធ្វើឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Keir Starmer អាម៉ាស់។
វីដេអូមួយ ដែលត្រូវបានបង្ហោះដោយក្រុមនេះ បានបង្ហាញឲ្យឃើញសកម្មជនពីរនាក់ បានបាញ់ថ្នាំលើយន្តហោះមួយគ្រឿងដោយទឹកថ្នាំពណ៌ក្រហម។ នគរបាលប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។ លោកស្រី Cooper បាននិយាយថាការបំផ្លិចបំផ្លាញនៅឯមូលដ្ឋាននេះគឺជាសកម្មភាព «ចុងក្រោយបំផុតក្នុងប្រវត្តិសាស្រ្តជាយូរអង្វែងនៃការខូចខាតដែលមិនអាចទទួលយកបាន» ប្រព្រឹត្តដោយក្រុមនេះចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០។
លោកស្រី Cooper បានប្រកាសថា លោកស្រីនឹងដាក់សេចក្តីព្រាងបទបញ្ជាមួយនៅចំពោះមុខសភានៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលនឹងហាមឃាត់ក្រុមនេះនៅក្រោមច្បាប់ភេរវកម្មឆ្នាំ២០០០របស់ចក្រភពអង់គ្លេស។