ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ បានបញ្ជាក់ថា បទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឥឡូវនេះ បានចូលជាធរមានហើយ ហើយបានស្នើឲ្យប្រទេសទាំង២ កុំបំពានកិច្ចព្រមព្រៀងនេះ ដោយការលើកឡើងនេះកើតមានត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលបន្តកន្ទុយគ្នា ដែលសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល បានប្រាប់ថា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់។
តាមរយៈការសរសេរសារជាអក្សរធំៗបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានសង្កត់ធ្ងន់ថា៖ «បទឈប់បាញ់ឥឡូវនេះចូលជាធរមានហើយ។ សូមមេត្តាកុំបំពានវា!» ។
គួរបញ្ជាក់ថា នៅពេលដែលលោក Trump បានប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនា នូវអ្វីដែលលោកហៅថា បទឈប់បាញ់ពេញលេញ ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១២ថ្ងៃនោះ លោកហាក់ដូចជាបានបង្ហាញថា អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងមានពេលវេលា ដើម្បីបំពេញបេសកកម្មដែលកំពុងដំណើរការ ពោលគឺជាចំណុចដែលបទឈប់បាញ់ នឹងចាប់ផ្ដើមម្ដងមួយជំហានៗ។

សាក្សីបានឲ្យដឹងថា ពួកគេបានឮសំឡេងផ្ទុះ នៅជិតទីក្រុង Tel Aviv និង Beersheba នៅភាគខាងត្បូងអ៊ីស្រាអែល មុនពេលមានសេចក្តីថ្លែងការណ៍របស់លោក Trump។ យោធាអ៊ីស្រាអែល បានប្រាប់ថា គ្រាប់មីស៊ីលរត់បន្តគ្នាចំនួន ៦គ្រាប់ ត្រូវបានបាញ់ដោយអ៊ីរ៉ង់ ហើយសេវារថយន្តសង្គ្រោះជាតិរបស់អ៊ីស្រាអែល បានបញ្ជាក់ថា មនុស្ស ៣នាក់ បានបាត់បង់ជីវិត នៅក្នុងទីក្រុង Beersheba ដែលជាការស្លាប់ដំបូងនៅអ៊ីស្រាអែល ចាប់តាំងពីលោក Trump បានប្រកាសបទឈប់បាញ់។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ SNN បានរាយការណ៍នៅថ្ងៃទី២៤ ខែមិថុនាថា ទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលជុំចុងក្រោយរបស់ខ្លួន មុនពេលបទឈប់បាញ់ចូលជាធរមាន។
មន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ បានប្រាប់ឲ្យដឹងថា លោក Trump បានសម្របសម្រួលឲ្យមានបទឈប់បាញ់ អំឡុងការសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហើយអ៊ីស្រាអែលបានយល់ព្រម ដរាបណាអ៊ីរ៉ង់មិនបើកការវាយប្រហារបន្ថែមទៀត។
មន្ត្រីអ៊ីរ៉ង់ម្នាក់បានអះអាងនៅមុននេះថា ទីក្រុងតេអេរ៉ង់បានយល់ព្រមលើបទឈប់បាញ់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា នឹងមិនមានការបញ្ចប់អរិភាពឡើយ ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន៕


