ប្រទេសចិន បានប្រកាសនៅថ្ងៃអង្គារ (២៤ មិថុនា) នេះថា ខ្លួននឹងរៀបចំដង្ហែក្បួនព្យុហយាត្រាដ៏ធំមួយនៅក្នុងខែកញ្ញា ខាងមុខនេះ ដើម្បីប្រារព្ធខួប ៨០ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកប្រធានាធិបតី Xi Jinping នឹងធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍នេះនៅទីលានចតុរង្គ ធានអានម៉ិន (Tiananmen) ទីក្រុងប៉េកាំង នៅថ្ងៃទី០៣ ខែកញ្ញា។
វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទៅចូលរួម ចំណែកមេដឹកនាំពិភពលោកផ្សេងទៀត ក៏ត្រូវបានរំពឹងទុកផងដែរ នៅក្នុងពិធីរំលឹកខួបនេះ។ ក្បួនយោធានេះនឹងមានការចូលរួមពីកងទ័ពជើងគោក ក្នុងការដង្ហែក្បួនជាទ្រង់ទ្រាយធំ ក្បួនហោះហើរពីយន្តហោះ និងគ្រឿងយុទ្ធោបករណ៍ប្រយុទ្ធបច្ចេកវិទ្យាខ្ពស់ៗជាច្រើនទៀត។
ក្នុងឆ្នាំ២០១៥ ចិនបានប្រារព្ធពិធីដង្ហែរក្បួនដ៏ធំមួយ ដោយមានកងទ័ពរាប់ពាន់នាក់បានដើរជាក្បួនយ៉ាងស្វាហាប់ឆ្លងកាត់ទីលានចតុរង្គធានអានម៉ិន។ រថក្រោះ និងមីស៊ីលក៏បានសង្ហែតាមពីក្រោយ ខណៈយន្តហោះជិត ២០០គ្រឿង ធ្វើការហោះហើរលើផ្ទៃមេឃ។
អាជ្ញាធរចិនបានប្រមូលផ្តុំអ្នកទស្សនារាប់សែននាក់ បិទផ្លូវជាច្រើននៅកណ្តាលក្រុង បិទព្រលានយន្តហោះ និងកាត់បន្ថយសកម្មភាពរោងចក្រ និងយានយន្តដែលបញ្ចេញជាតិពុល ដើម្បីធានាបាននូវផ្ទៃមេឃពណ៌ខៀវស្រងាត់ដ៏ស្រស់ស្អាតដើម្បីអបអរពិធី៕