ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានប្រាប់សារព័ត៌មាន AFP នាថ្ងៃអង្គារនេះថា ពិភពលោកកំពុងប្រឈមមុខនឹងស្ថានការណ៍ភូមិសាស្ត្រនយោបាយ «ដ៏ស្មុកស្មាញបំផុត» ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយព្រមានថា ភាពចលាចលនេះ កំពុង«ប៉ះពាល់ដល់កំណើនសកល»។
លោក Borge Brende ប្រធាន និងជានាយកប្រតិបត្តិ WEF បានថ្លែងនៅមុនកិច្ចប្រជុំនៃវេទិកាពហុភាគីនៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិនថា៖«នេះគឺជាបរិយាកាសភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ដ៏ស្មុកស្មាញបំផុត ដែលយើងមិនធ្លាប់បានជួបប្រទះ ក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅ»។

លោកបានព្រមានថា៖«ប្រសិនបើយើងមិនអាចស្តារកំណើនឡើងវិញបានទេ យើងអាចឃើញកំណើនទាបមួយទសវត្សរ៍គួរឲ្យសោកស្តាយ»។
មន្ត្រីរួមទាំងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong នឹងចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅសប្តាហ៍នេះ នៅទីក្រុងកំពង់ផែ Tianjin ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា«Summer Davos»។
កិច្ចប្រជុំនេះ បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកចូលរួមនៅក្នុងជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល ហើយបន្ទាប់ពីប៉ុន្មានខែដែលសេដ្ឋកិច្ចពិភពលោក ត្រូវរងការប៉ះពាល់យ៉ាងខ្លាំង ដោយសង្គ្រាមពន្ធ ដែលបានចាប់ផ្តើមឡើងដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump)។
