គណៈរដ្ឋមន្ត្រីរបស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ បានអនុម័តលើសេចក្តីព្រាងថវិកា សម្រាប់ឆ្នាំ២០២៥ និងក្របខ័ណ្ឌថវិកា សម្រាប់ឆ្នាំ២០២៦ ដោយមានកម្រិតវិនិយោគដ៏ច្រើនបំផុត នៅក្នុងឆ្នាំទាំង ២ ដើម្បីជួយជំរុញកំណើន បន្ទាប់ពីសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះនៅទ្រឹងរយៈពេល ២ឆ្នាំជាប់គ្នា។
សេចក្តីព្រាងច្បាប់នេះ រួមបញ្ចូលការវិនិយោគចំនួន ១១៥,៧ពាន់លានអឺរ៉ូ (១៣៥ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥ និង ១២៣,៦ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២៦ ដោយកើនឡើងពីកម្រិត ៧៤,៥ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤។ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បាននិយាយនៅថ្ងៃទី២៤ ខែមិថុនានេះថា៖ «នៅឆ្នាំ២០២៩ យើងនឹងបង្កើនការវិនិយោគប្រចាំឆ្នាំរបស់រដ្ឋាភិបាលសហព័ន្ធ រហូតដល់ជិត ១២០ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ»។
ជាមួយគ្នានេះ សេចក្តីព្រាងថវិកា សម្រាប់ឆ្នាំ២០២៥ នេះ ក៏រួមបញ្ចូលផងដែរនូវផែនការហិរញ្ញវត្ថុពាក់កណ្តាលអាណត្តិរហូតដល់ឆ្នាំ២០២៩ ដែលបង្ហាញថា អាល្លឺម៉ង់នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣,៥ភាគរយនៃទិន្នផលសេដ្ឋកិច្ច នៅឆ្នាំ២០២៩ ដែលផ្តល់មូលនិធិតាមរយៈកម្មវិធីកម្ចីជិត ៤០០ពាន់លានអឺរ៉ូ។
ការចំណាយលើវិស័យការពារជាតិសរុបរបស់អាល្លឺម៉ង់ នឹងកើនឡើងពី ៩៥ពាន់លានអឺរ៉ូ នៅក្នុងសេចក្តីព្រាងថវិកា សម្រាប់ឆ្នាំ២០២៥ រហូតដល់ ១៦២ពាន់លានអឺរ៉ូ នៅក្នុងក្របខ័ណ្ឌថវិកា សម្រាប់ឆ្នាំ២០២៩។
គណៈកម្មាធិការថវិកា នឹងបញ្ចប់សេចក្ដីលម្អិតនៃកញ្ចប់ថវិកាឆ្នាំ២០២៥ នៅខែកញ្ញា ឆ្នាំ២០២៥ ជាពេលដែលសេចក្ដីព្រាងនេះគួរត្រូវបានអនុម័តដោយសមាជិកសភាផងដែរ។ ចំណែកសេចក្តីព្រាងដំបូងនៃថវិកាឆ្នាំ២០២៦ គួរតែត្រូវបានអនុម័តនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥។ ការពិភាក្សានឹងត្រូវបានធ្វើឡើងនៅក្នុងសភា នាខែកញ្ញា ឆ្នាំ២០២៥ ហើយបន្ទាប់មកត្រូវបានអនុម័តនៅក្នុងសភាជាន់ទាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ និងសភាជាន់ខ្ពស់ នៅខែធ្នូ ឆ្នាំ២០២៥៕