នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ អ្នកស៊ើបអង្កេតម្នាក់បានប្រាប់ឲ្យដឹងថា រដ្ឋអាជ្ញាពិសេសរបស់ប្រទេសកូរ៉េខាងត្បូង បានស្នើសុំឲ្យតុលាការចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ដោយនេះជាការបង្ហាញនូវការស៊ើបអង្កេតកាន់តែខ្លាំងឡើងលើមេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែង ជុំវិញការប៉ុនប៉ងរបស់លោក ក្នុងការដាក់ចេញនូវច្បាប់អាជ្ញាសឹក។
គួរបញ្ជាក់ថា លោក Yoon ដែលកំពុងប្រឈមរួចហើយជាមួយនឹងការកាត់ក្តីព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរ ដោយការដឹកនាំប្រកាសច្បាប់អាជ្ញាសឹក ត្រូវបានចាប់ខ្លួនកាលពីខែមករា បន្ទាប់ពីតស៊ូមិនព្រមប្រគល់ខ្លួនឲ្យអាជ្ញាធរដែលព្យាយាមចាប់រូបលោក ប៉ុន្តែត្រូវបានដោះលែង បន្ទាប់ពីរយៈពេល ៥២ថ្ងៃ ដោយសារមូលដ្ឋានច្បាប់។
ការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹក បានផ្ដល់ការរំជើបរំជួលដល់ប្រទេសមួយ ដែលមានមោទនភាព ដោយសារភាពរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីបានយកឈ្នះលើរបបផ្តាច់ការយោធា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងបានបង្កឲ្យមានការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ ដើម្បីជ្រើសរើសអ្នកស្នងតំណែងលោក Yoon ចំពេលមានការប៉ះទង្គិចនយោបាយផ្ទៃក្នុងយ៉ាងអាក្រក់។
សមាជិកជាន់ខ្ពស់នៃអង្គភាពស៊ើបអង្កេតពិសេសរបស់រដ្ឋអាជ្ញា បាននិយាយថា ដីកាថ្មីនេះ ស្ថិតក្រោមការចោទប្រកាន់ពីបទរារាំង។ លោកស្រី Park Ji-young អនុប្រធានរដ្ឋអាជ្ញាពិសេស បានប្រាប់សន្និសីទដែលផ្សាយដោយទូរទស្សន៍ YTN TV ថា លោក Yoon បានបដិសេធមិនអនុវត្តតាមការកោះហៅឲ្យចូលខ្លួន ដើម្បីធ្វើការសាកសួរ ក្រោមច្បាប់ព្រហ្មទណ្ឌឡើយ ហើយអង្គភាពស៊ើបអង្កេតនឹង «មិនឲ្យលោកធ្វើឲ្យខាតពេលវេលា» នោះទេ៕