បទឈប់បាញ់ដ៏រង្គោះរង្គើ ទំនងជាស្ថិតនៅជាធរមានរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ក្រោមសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយបង្កើនក្តីសង្ឃឹមសម្រាប់ការបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាខ្លាំងបំផុតមិនធ្លាប់មានរវាងសត្រូវនៅតំបន់មជ្ឈិមបូព៌ាទាំងពីរ។

លោក Trump បានស្តីបន្ទោសភាគីទាំងសងខាង ចំពោះការរំលោភលើបទឈប់បាញ់ដំបូងដែលលោកបានប្រកាស ប៉ុន្តែជាពិសេស បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះអ៊ីស្រាអែលជាសម្ព័ន្ធមិត្តជិតស្និត របស់ទីក្រុងវ៉ាស៊ីនតោនជុំវិញទំហំនៃការវាយប្រហាររបស់ខ្លួន។
ក្រោយមក លោកបាននិយាយថា អ៊ីស្រាអែលបានផ្អាកការវាយប្រហារបន្ថែមទៀតតាមបញ្ជារបស់លោក ដើម្បីរក្សាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមតាមអាកាសរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់។ ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបញ្ជូនសញ្ញាថាជម្លោះត្រូវបញ្ចប់ដែលយ៉ាងហោចណាស់សម្រាប់ពេលនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា ប្រធានាធិបតី លោក Masoud Pezeshkian បានសាទរចំពោះ «ជ័យជម្នះដ៏អស្ចារ្យ» នៅក្នុងសង្គ្រាមដែលលោកបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបញ្ចប់ដោយជោគជ័យ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា លោក Pezeshkian បាននិយាយក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ថា អ៊ីរ៉ង់ ត្រៀមខ្លួនដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាជាមួយសហរដ្ឋអាមេរិកដោយផ្អែកលើក្របខ័ណ្ឌអន្តរជាតិ។

