ក្រុមសកម្មជន កាលពីថ្ងៃអង្គារទី២៤ខែមិថុនា បានប្តូរឈ្មោះតំបន់ Zuiderstrand នៅឆ្នេរ Scheveningen ទីក្រុងឡាអេ ប្រទេសហូឡង់ទៅជាឆ្នេរហ្កាហ្សា។ អតីតអ្នកការទូតហូឡង់ និងជាសហអ្នករៀបចំការតវ៉ា លោកស្រី Angelique Eijpe បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយថា លោកស្រី ជឿថា «បណ្តាប្រទេសណាតូ ពិតជាកំពុងជាប់ពាក់ព័ន្ធ ថែមទាំងគាំទ្រដល់អំពើប្រល័យពូជសាសន៍ផងដែរ»។

ជាអ្វីដែលគេហៅថាដេកស្លាប់ សកម្មជនប្រហែល១៥០នាក់ បានដេកនៅលើដី។ អ្នករៀបចំ អះអាងថា បណ្តាប្រទេសណាតូមានជាប់ពាក់ព័ន្ធចំពោះការបាត់បង់ជីវិតមនុស្សនៅតំបន់ហ្កាហ្សា ដោយចាត់ទុកវាថាជាអំពើប្រល័យពូជសាសន៍។
ប្រមុខរដ្ឋ និងរដ្ឋាភិបាលណាតូ ថតរូបនៅមុនអាហារពេលល្ងាចដែលរៀបចំដោយមហាក្សត្រហូឡង់ Willem-Alexander និងម្ចាស់ក្សត្រី Maxima នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃអង្គារ។
កិច្ចប្រជុំកំពូល និងសេចក្តីថ្លែងការណ៍ចុងក្រោយ នឹងត្រូវបានផ្តោតទៅលើការធ្វើតាមការអំពាវនាវរបស់លោក Trump ក្នុងការចំណាយ៥% នៃផលិតផលក្នុងស្រុកសរុប(GDP) លើវិស័យការពារជាតិ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពីគោលដៅ២% នាពេលបច្ចុប្បន្ន។
