ក្រុមហ៊ុនបច្ចេកវិទ្យាយានដ្រូននេប៉ាល់ បានប្រើប្រាស់យានដ្រូន UAVនៅលើភ្នំ Everest ដើម្បីដឹកជញ្ជូនសម្ភារៈឡើងភ្នំចាំបាច់ ទៅកាន់តំបន់ក្រហែងទឹកកកដ៏គ្រោះថ្នាក់ និងក្រោយមកប្រើប្រាស់យានដ្រូនតែមួយនេះ ដើម្បីដឹកជញ្ជូនកាកសំណល់ចុះពីលើភ្នំវិញ ។
ភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោក និងជាកន្លែងដាច់ស្រយាលជាងគេបំផុតនៅលើផែនដី ត្រូវបានញាំញីដោយសារសំរាមសម័យទំនើប ។ ជំរំត្រូវបានរាយប៉ាយដោយតង់រហែក កញ្ចប់អាហារ ដបអុកស៊ីសែនទទេ ហើយសូម្បីតែកាកសំណល់បន្សល់ទុកដោយក្រុមអ្នកឡើងភ្នំ ។
ក្រុមហ៊ុន Airlift Technology ដែលមានមូលដ្ឋាននៅប្រទេសនេប៉ាល់ បានលើកឡើងពីវិបត្តិមួយនេះ ដោយបញ្ជូនយានដ្រូន ដើម្បីចែកចាយគ្រឿងផ្គត់ផ្គង់ និងនាំយកកាកសំណល់ពីលើភ្នំ ដែលពួកគេចាត់ទុកថា “គំនរសំរាមខ្ពស់បំផុតនៅលើពិភពលោក” ។
ក្រោយសាកល្បងដោយជោគជ័យកាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Airlift Technology ប៉ាន់ប្រមាណថា ពួកគេបាននាំយកសំរាមទម្ងន់ជាង ១ពាន់គ.ក ចន្លោះខែមីនា និងខែឧសភា ឆ្នាំ ២០២៥ ។
លោក Milan Pandey គឺជាសហស្ថាបនិកក្រុមហ៊ុន Airlift Technology បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីជំរំ Everest Base ថា រូបលោក និងដៃគូរបស់លោក កំពុងគិតថាហេតុអ្វីបានជាពួកយើងមិនចូលចិត្តភ្នំ Everest ស្អាត?
លោកបន្តថា ជាការពិតណាស់ថា គោលបំណងសំខាន់ គឺនាំសំរាមចុះពីលើភ្នំ ពីព្រោះថា មានសំរាមរាប់តោននៅលើភ្នំ Everest ។
ដោយសហការណ៍ជាមួយដៃគូចិនដែលជាក្រុមហ៊ុនយានដ្រូន DJI ក្រុមហ៊ុន Airlift Technology បានជួលយានដ្រូន DJI FlyCart 30 ដែលមានសមត្ថភាពដឹកទំនិញបាន ១៥គ.ក ។
យានដ្រូនទាំងនេះ ដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ចាំបាច់ជាច្រើនដូចជាដបអុកស៊ីហ្សែន ជណ្តើរ និងខ្សែពួរពីជំរុញ Everest Base ស្ថិតនៅលើរយៈកម្ពស់ ៥.៣៦៤ម៉ែត្រ ទៅកាន់ជំរំ Camp 1 ស្ថិតនៅលើរយៈកម្ពស់ ៦.០៦៥ម៉ែត្រ ត្រឹមតែរយៈពេល ៣នាទីប៉ុណ្ណោះ ពេលដែលស្ថានភាពអាកាសធាតុអំណោយផលល្អ ៕