ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃពុធ ទី២៥ មិថុនា ដើម្បីបង្កើតតុលាការពិសេសកាត់ទោសរុស្ស៊ីសម្រាប់ឧក្រិដ្ឋកម្មឈ្លានពានទៅលើអ៊ុយក្រែន។ លោក Zelenskiy ត្រូវបានស្វាគមន៍ដោយអគ្គលេខាធិការក្រុមប្រឹក្សាអឺរ៉ុបលោក Alain Berset ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅមុខសមាជិកក្រុមប្រឹក្សា។

តុលាការនេះត្រូវបានស្នើសុំដោយអាជ្ញាធរអ៊ុយក្រែន និងអនុម័តដោយក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសអឺរ៉ុបក្នុងប្រទេសលុចសំបួ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាបាននិយាយថា កាតព្វកិច្ចរបស់តុលាការគឺដើម្បី «កាត់ទោសមេដឹកនាំជាន់ខ្ពស់សម្រាប់ឧក្រិដ្ឋកម្មឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ ឧក្រិដ្ឋកម្មនេះ សំដៅលើការសម្រេចប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត ដោយរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។
