បេសកជនតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា សហរដ្ឋអាមេរិកនឹងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយជាមួយប្រទេសអ៊ីរ៉ង់ក្នុងកិច្ចចរចានៅពេលខាងមុខ ប៉ុន្តែនឹងមិនទទួលយកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនិងការឲ្យមានអាវុធនុយក្លេអ៊ែរឡើយ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេកាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា ការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ដែលបានបន្តពីថ្ងៃទី១៣ ខែមិថុនា ត្រូវបានបញ្ចប់ និងបាននិយាយថា សហរដ្ឋអាមេរិកមានផែនការពិភាក្សាជាមួយអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ។

លោក Witkoff បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួននៅលើប៉ុស្តិ៍ព័ត៌មានអាមេរិក CNBC ថា សហរដ្ឋអាមេរិក «សង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ» ជាមួយអ៊ីរ៉ង់។
លោក Witkoff បានបញ្ជាក់ថា អាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងផលិតអាវុធនុយក្លេអ៊ែរឡើយ ដោយចាត់ទុកសកម្មភាពនេះថា «បន្ទាត់ក្រហម» និងជាអ្វីដែល «នឹងធ្វើឱ្យតំបន់ទាំងមូលមានអស្ថិរភាព»។
