ភ្នំពេញ ៖ ប្រធានការិយាល័យសារមនី្ទរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហង្ស និស្ស័យ តាមរយៈបណ្តាញBTV ព័ត៌មាន បានស្នើប្រជាពលរដ្ឋ ដែលបានឆ្លងកាត់របបខ្មែរក្រហម មានសម្បតិ្តសេសសល់ក្នុងសម័យនោះ តួយ៉ាងដូចជាសៀវភៅ កំណត់ហេតុ សម្លៀកបំពាក់ និងវត្ថុប្រើប្រាស់ផ្សេងៗ យល់ថាចង់ថែរក្សាទុកឲ្យបានយូរអង្វែង សូមប្រគល់ជូនសារមនី្ទរ។ ព្រោះសារមនី្ទរទួលស្លែងជាស្ថាប័នមួយ ថែរក្សាសម្បតិ្តទាំងអស់នោះ ឲ្យឋិតថេរចិរកាល។
លោក ហង្ស និស្ស័យ បានឲ្យបន្តទៀតថា បច្ចុប្បន្ននេះសារមនី្ទរទួលស្លែង មានធនធានគ្រប់គ្រាន់ក្នុងការថែរក្សាអភិរក្សឯកសារ ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារ ដោយធានាមិនឲ្យឯកសារទាំងអស់នោះបាត់បង់ដោយសារប្រការណាមួយ ពិសេសដោយគ្រោះមហន្តរាយ អគ្គីភ័យ ព្រោះយើងមានបន្ទប់ការពាររួចរាល់ហើយ។ ទន្ទឹមនឹងនោះសារមនី្ទរទួលស្លែង ក៏បានរៀបចំផែនការសកម្មភាព និងផែនការយុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំ ដោយឈរលើចំនុចធំៗចំនួន០៤៖ ទី១. កសាងស្ថាប័នឲ្យមានចំណេះ ជំនាញ, ទី២.ការទំនាក់ទំនងជាមួយនឹងអតីតកាល, ទី៣.ទំនាក់ទំនងជាមួយប្រជាជនកម្ពុជា និងទី៤.ទំនាក់ទំនងជាមួយនឹងអន្តរជាតិ។ ដូច្នេះដោយផ្អែកលើចំនុចទាំង០៤នេះ គឺសារមនី្ទរមានគោលការណ៍ និងសកម្មភាពច្បាស់លាស់។
ប្រធានការិយាល័យសារមនី្ទរទួលស្លែង បានបញ្ជាក់ទៀតថា ស្ថិតក្នុងអន្តរកាលកូវីដ-១៩នេះ មាន ស្ថាប័នធំៗចំនួន០២ បានជួយដល់កិច្ចដំណើរការសារមនី្ទរ៖ ទី១.អង្គការ ជីអាយហ្សេត(GIZ) តាមរយៈគម្រោង ស៊ីភីអេស ផ្តល់ជាទីប្រឹក្សាជូនសារមនី្ទរ លើការងារអប់រំផ្សព្វផ្សាយ និងផ្តល់ជាធនធានថវិកា សម្រាប់អនុវត្តន៍គម្រោង មានរយៈពេល៦ឆ្នាំមកហើយ និងទី២.អង្គការយូណេស្កូ(UNESCO) ជួយសម្របសម្រួលឲ្យមានគម្រោងអភិរក្ស និងថតចម្លងប័ណ្ណសារទួលស្លែង ចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដែលទទួលបានការឧបត្ថម្ភពី ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ កូរ៉េ-កយកា (អង្គការKOICA) ដោយអនុវត្តន៍ក្នុងឆ្នាំ២០១៨ និងបញ្ចប់នៅដើមឆ្នាំ២០២១នេះផងដែរ។ ដូច្នេះគម្រោងទាំង០២ខាងលើនេះ គឺបានជួយបណ្តុះបណ្តាលដល់មន្រី្ត លើផ្នែកអភិរក្ស និងផ្សព្វផ្សាយ និងគម្រោងទី៣ គឺអភិរក្សវាយនភណ្ឌ ជាការឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងអភិរក្សវាយនភណ្ឌសេសសល់ពីអតីតមនី្ទរ ស-២១ នៅសារមនី្ទរទួលស្លែងផ្ទាល់តែម្តង៕ អត្ថបទ ៖ រដ្ឋា












