នៅពេលត្រូវបានសួរ អំពីសុន្ទរកថាថ្មីៗដែលធ្វើឡើងដោយមេដឹកនាំកោះតៃវ៉ាន់ គឺលោក Lai Ching-te អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) នេះ បានប្រាប់ថា កងទ័ពរំដោះប្រជាជនចិន (PLA) «មិនមានការអត់ឱនជាដាច់ខាត ចំពោះសកម្មភាពផ្ដាច់ខ្លួនចង់បានឯករាជ្យរបស់កោះតៃវ៉ាន់»។
អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យលោក Zhang Xiaogang បាននិយាយថា PLA នឹងលើកកម្ពស់សមត្ថភាពត្រៀមខ្លួនប្រយុទ្ធ ដើម្បីការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី។
អមដោយបន្ថែមថា ការលើកឡើងរបស់លោក Lai បង្ហាញពី «ចេតនាអាក្រក់» លោក Zhang បានបញ្ជាក់ថា៖ «អាជ្ញាធររបស់លោក Lai បន្តរុញកោះតៃវ៉ាន់ឲ្យចូលទៅក្នុងស្ថានភាពមានសង្គ្រាមដ៏គ្រោះថ្នាក់ ហើយពួកគេ គឺជាបុព្វហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកស្រុកកោះតៃវ៉ាន់»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា លោក Lai បានចាប់ផ្តើមថ្លែងសុន្ទរកថាជាបន្តបន្ទាប់ចំនួន ១០លើក ស្តីពី «ការបង្រួបបង្រួមកោះតៃវ៉ាន់» ដោយនិយាយថា កោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ គឺជា «រដ្ឋមួយ» ហើយថា ប្រទេសចិនមិនមានសិទ្ធិស្របច្បាប់ ឬជាប្រវត្តិសាស្ត្រ ដើម្បីអះអាងសិទ្ធិលើកោះនេះនោះទេ។
ទីក្រុងប៉េកាំងមិនដែលច្រានចោលនូវការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយបង្ហាញការមិនពេញចិត្តជាពិសេស ចំពោះលោក Lai ដោយចាត់ទុករូបលោកថា ជា «អ្នកផ្ដាច់ខ្លួន»។ ទីក្រុងតៃប៉ិជំទាស់យ៉ាងខ្លាំង ចំពោះការអះអាងអធិបតេយ្យភាពរបស់ចិន ហើយបញ្ជាក់ថា វាអាស្រ័យលើប្រជាជនកោះនេះតែប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេ។
ភាពតានតឹង រវាងចិន និងកោះតៃវ៉ាន់ ក្នុងនោះមានរួមទាំងសមយុទ្ធយោធាជាច្រើនជុំរបស់ចិនផងដែរ បានឡើងកម្ដៅខ្លាំងទៅៗ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះរួមបញ្ចូលទាំងការដាក់ពង្រាយតាមផ្លូវអាកាស និងកងទ័ពជើងទឹកប្រចាំថ្ងៃ នៅក្បែរកោះនេះផងដែរ។ ការហាត់សមធ្វើសង្គ្រាមចុងក្រោយរបស់ចិន ក្នុងខែមេសា និងតុលា ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដោយមន្ត្រីយោធាក្នុងតំបន់ថា ជាការសាកល្បងនៃលទ្ធភាពរាំងខ្ទប់លើកោះតៃវ៉ាន់៕


