ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលទំនប់បឹងភក់ក្នុងឃុំឈូក សមិទ្ធផលនានា និងការជួសជុលព្រះវិហារ ក្នុងស្រុកក្រូចឆ្មារ និងទំនប់តាឌុក ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្ដម ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលទំនប់បឹងភក់ក្នុងឃុំឈូក សមិទ្ធិផលនានាក្នុងវត្តអន្ទរឹទ្ធី ពិនិត្យមើលការជួសជុលព្រះវិហារក្នុងវត្តឧប្បលវត្តី ក្នុងស្រុកក្រូចឆ្មារ និងបន្តពីនិត្យទំនប់តាឌុក ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសជួបសំណេះសំណាលនិងពិនិត្យមើលសមិទ្ធផលទាំងនេះ ឯកឧត្តម ជា សុផារ៉ា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងការនឹករឭកពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់។ សម្ដេចតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យពួកគាត់មានសេចក្តីសុខ រីកចំរើនទៅមុខដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការសាងសង់ទំនប់បឹងភក់ ដែលស្ថិតក្នុងឃុំឈូកស្រុកក្រូចឆ្មារនិងទំនប់តាឌុកដែលស្ថិតនៅក្នុងឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដើម្បីឆ្លើយតបតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទុកប្រើប្រាស់ជាប្រយោជន៍រួម បំពេញសេចក្តីត្រូវការទឹករបស់ពួកគាត់ក្នុងការងារស្រោចស្រពស្រែចម្ការពង្រីកការងារកសិកម្មបង្កបង្កើនផលផ្សេងៗដើម្បីលើកស្ទួយជីវភាពគ្រួសារ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យខិតខំប្រឹងប្រែងដាំដុះបង្កបង្កើនផលចិញ្ចឹមសត្វឲ្យបានច្រើនថែមទៀតដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រសើរជាជាងការធ្វើចំណាកស្រុកទៅរកការងារធ្វើដោយប្រថុយប្រថានដែលអាចប្រឈមនឹងហានិភ័យគ្រប់បែបយ៉ាង។
ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបាននាំយកថវិការបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតចំនួន 3 ពាន់ដុល្លារអាមេរិកប្រគេនដល់ព្រះចៅអធិការវត្តអន្ទរឹទ្ធីហៅវត្តបារាយណ៍សម្រាប់ទុកបង្គ្រប់ការសាងសង់របងវត្តនេះផងដែរ៕ អត្ថបទ៖ គឹមហុក