សភាបារាំង បានផ្អាកអង្គប្រជុំរបស់ពួកគេ អំឡុងការជជែកដេញដោលពីតំបន់មជ្ឈិមបូព៌ា ស្របពេលដែលទឹកភ្លៀងលេចចូលក្នុងបន្ទបប្រជុំ ក្រោយពេលមានព្យុះដ៏ខ្លាំងក្លា ។
នាយករដ្ឋមន្រ្តីបារាំងលោក Francois Bayrou ទើបបញ្ចប់សុន្ទរកថាបើកអង្គប្រជុំរបស់លោក នៅពេលលោកសួរទៅកាន់ម្ចាស់កិច្ចប្រជុំថា តើអ្នកមានកត់សំគាល់ឃើញថា ភ្លៀងធ្លាក់ទេ?
ប្រធានអង្គប្រជុំបានផ្អាកការជជែកដេញដោលមួយភ្លែត ដើម្បីអនុញ្ញាតឲ្យភ្នាក់ងារពន្លត់អគ្គិភ័យអាចពិនិត្យមើលការលេចទឹកភ្លៀងនោះ មុនពេលប្រកាសថាវាគ្រាន់តែជ្រាបតិចតួចប៉ុណ្ណោះ ។
ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើនរបស់បារាំង កាលពីយប់កន្លងទៅ រហូតដល់ថ្ងៃព្រហស្បតិ៍នេះ ។
សន្តិសុខស៊ីវិលបារាំង រាយការណ៍ថា មនុស្ស ២នាក់ បានស្លាប់ និងផ្ទះសម្បែងប្រជាពលរដ្ឋជិត ១០ម៉ឺនខ្នង បាត់បង់អគ្គិសនី ដោយសារព្យុះមួយនេះ ៕