ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ថា វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ពុំទាន់មានវឌ្ឍនភាពនៅឡើយទេ ឆ្ពោះទៅរកការកំណត់កាលបរិច្ឆេទសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានTASS មួយផ្សេងទៀត បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយនិយាយថា រុស្ស៊ីពេញចិត្តនឹងការបន្តកិច្ចខិតខំប្រឹងប្រែងផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិកក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់ឆ្ពោះទៅបញ្ចប់សង្គ្រាម។

ការចរចារដែលបានបន្តឡើងវិញ បន្ទាប់ពីសង្គ្រាមជាងបីឆ្នាំរវាង រុស្ស៊ី និងអ៊ុយក្រែន បានធ្វើឡើងទល់មុខគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កាលពីថ្ងៃទី ១៦ ខែឧសភា២០២៥ និងថ្ងៃទី ២ ខែមិថុនា២០២៥ ដែលនាំឱ្យមានការដោះដូរឈ្លើយសឹកជាបន្តបន្ទាប់ និងការប្រគល់សាកសពទាហានដែលបានស្លាប់ក្នុងសង្គ្រាម។
ប៉ុន្តែភាគីសង្រ្គាមទាំងពីពុំបានបង្កើតវឌ្ឍភាពឈានទៅរកបទឈប់បាញ់ដែលអ៊ុយក្រែនគាំទ្រ ដោយលោកខាងលិច បាននិងកំពុងដាក់សម្ពាធនោះទេ។
រុស្ស៊ី បានវាយប្រហារលើទីក្រុងឧស្សាហកម្មដ៏សំខាន់ Dnipro របស់អ៊ុយក្រែន ដោយមីស៊ីលបាលីស្ទីកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានបង្កការបំផ្លិចបំផ្លាញដ៏ធំ និងបានសម្លាប់មនុស្ស១៧នាក់ និងជាង២៧០នាក់រងរបួស។
ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់២៦ នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់រងរបួសនៅទូទាំងប្រទេសអ៊ុយក្រែនក្នុងការវាយប្រហាររបស់រុស្ស៊ីនៅសប្ដាហ៍នេះ ខណៈទីក្រុងមូស្គូ និងទីក្រុងគីវ បានបង្កើនការវាយប្រហារដោយយានដ្រូនដាក់គ្នាកាន់តែខ្លាំងក្លា ទន្ទឹមនឹងលោក Volodymyr Zelenskyy កំពុងស្វែងរកការធានាពីសម្ព័ន្ធមិត្តលោកខាងលិចបន្ថែមទៀតក្នុងជំនួបកំពូលណាតូនៅសប្ដាហ៍នេះដើម្បីទប់ទល់កងកម្លាំងរបស់រុស្ស៊ី៕

