មន្ត្រីមកពីភាគីទាំងពីរ បាននិយាយថា ឥណ្ឌាបាននិរទេសមនុស្សរាប់រយនាក់ដោយគ្មានការកាត់ទោសទៅកាន់ប្រទេសបង់ក្លា ដោយទាញការថ្កោលទោសពីសកម្មជន និងមេធាវី ដែលហៅការបណ្តេញចេញ នាពេលថ្មីៗនេះថា ខុសច្បាប់ និងផ្អែកលើការរើសអើងជនជាតិភាគតិច។
ទីក្រុងញូវដែលី និយាយថា មនុស្សដែលត្រូវបាននិរទេស គឺជាជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។

រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាន់ជំហររឹងប៉ឹងជាយូរមកហើយលើជនអន្តោប្រវេសន៍ ជាពិសេសអ្នកដែលមកពីប្រទេសជិតខាងដែលកាន់សាសនាឥស្លាមភាគច្រើន នៅបង់ក្លាដែស ដោយមន្ត្រីជាន់ខ្ពស់មួយចំនួន បានចាត់ទុកពួកគេថា ជា «សត្វកណ្តៀរ» និង«អ្នកលបជ្រៀតចូល»។
ការនិរទេសបែបនេះ ក៏បានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកកាន់សាសនាឥស្លាមចំនួន ២០០ លាននាក់របស់ប្រទេសឥណ្ឌា ជាពិសេសក្នុងចំណោមអ្នកនិយាយភាសាបេងហ្គាល់ ដែលជាភាសានិយាយយ៉ាងទូលំទូលាយទាំងនៅភាគខាងកើតប្រទេសឥណ្ឌា និងបង់ក្លាដែស។
សកម្មជនសិទ្ធិមនុស្សឥណ្ឌាជើងចាស់លោក Harsh Mander បាននិយាយថា៖«ប្រជាជនម៉ូស្លីម ជាពិសេសមកពីភាគខាងកើតនៃប្រទេសនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង»។
