ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីតាលី នៅថ្ងៃសុក្រ (ទី២៧ ខែមិថុនា) នេះ បានព្រមានអ្នកស្រុក និងអ្នកទេសចរ អំពីសីតុណ្ហភាពក្ដៅខ្លាំង នៅទូទាំងប្រទេស ដោយបានចេញការជូនដំណឹងពណ៌ក្រហម សម្រាប់ទីក្រុងចំនួន ២១ នៅចុងសប្តាហ៍នេះ។
ក្រសួងបានចេញការជូនដំណឹងពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន សម្រាប់ទីក្រុងជាច្រើន ក្នុងនោះរួមមានទាំងរដ្ឋធានីរ៉ូម ទីក្រុងសេដ្ឋកិច្ចធំជាងគេ Milan និងទីក្រុង Venice ជាកន្លែងដែលអ្នកមាន និងអ្នកល្បីៗ កំពុងប្រារព្ធពិធីមង្គលការរបស់មហាសេដ្ឋីក្រុមហ៊ុន Amazon គឺលោក Jeff Bezos។ សេចក្ដីប្រកាសបានឲ្យដឹងថា សីតុណ្ហភាពអាចឡើងដល់ ៣៧អង្សាសេ នៅកន្លែងជាច្រើន។
ក្រសួង ដែលជាស្ថាប័នចេញការព្រមាន អំពីរលកកម្ដៅពណ៌បៃតង លឿង ទឹកក្រូច និងក្រហមជារៀងរាល់ថ្ងៃ សម្រាប់ទីក្រុងធំៗចំនួន ២៧ របស់អ៊ីតាលី បានណែនាំប្រជាជនកុំឲ្យចេញក្រៅ នៅចន្លោះម៉ោង ១១ព្រឹក ដល់ម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) ប្រសិនបើអាច ហើយស្វែងរកជម្រកនៅទីកន្លែងសាធារណៈដែលមានម៉ាស៊ីនត្រជាក់។
ការព្រមាននេះកើតឡើងបន្ទាប់ពីមានអាកាសធាតុក្តៅប៉ុន្មានថ្ងៃ នៅទូទាំងប្រទេស ក្នុងនោះរួមទាំងរដ្ឋធានី ដែលអ្នកសម្រាកលំហែកាយ ត្រូវបានផាកពិន័យ ដោយសារប៉ុនប៉ងធ្វើឲ្យរាងកាយត្រជាក់ ដោយចូលទៅក្នុងកន្លែងបាញ់ទឹក នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ៕