ប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃសុក្រនូវព័ត៌មានលម្អិតអំពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងដកចេញ «វិធានការរឹតត្បិត» ខណៈទីក្រុងប៉េកាំង នឹង «ពិនិត្យឡើងវិញនិងអនុម័ត» មុខទំនិញដែលស្ថិតនៅក្រោមការត្រួតពិនិត្យនាំចេញ។ អាទិភាពកំពូលសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង កំពុងទទួលបានការផ្គត់ផ្គង់រ៉ែកម្រដែលចាំបាច់សម្រាប់ផលិតផលរួមមានរថយន្តអគ្គិសនី បំណែកឧបករណ៍ផ្ទុកទិន្នន័យនិងយុទ្ធោបករណ៍ការពារជាតិ។ ប្រទេសចិន ដែលគ្រប់គ្រងលើការផលិតវត្ថុធាតុជាសកល បានចាប់ផ្តើមទាមទារអាជ្ញាប័ណ្ណនាំចេញកាលពីដើមខែមេសា ជាចំណាត់ការមួយដែលត្រូវបានគេមើលយ៉ាងទូលំទូលាយថាជាការឆ្លើយតបទៅនឹងកាដំឡើងពន្ធដែលដាក់ដោយ លោក Trump។

ភាគីទាំងពីរ បានព្រមព្រៀងគ្នាបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ កាលពីខែឧសភា ដើម្បីកាត់បន្ថយការដំឡើងពន្ធសងសឹកទៅវិញទៅមកជាបណ្តោះអាសន្នលើផលិតផលជាច្រើន។ ប្រទេសចិន ក៏បានប្តេជ្ញាចិត្តបន្ធូរបន្ថយវិធានការប្រឆាំងពុំមែនការដំឡើងពន្ធមួយចំនួន ប៉ុន្តែមន្ត្រីអាមេរិកក្រោយមកបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើកតិកាសញ្ញា និងការអនុម័តអាជ្ញាប័ណ្ណនាំចេញដែលយឺតយ៉ាវសម្រាប់រ៉ែកម្រ។ ទីបំផុត ភាគីទាំងពីរបានព្រមព្រៀងលើក្របខណ្ឌមួយដើម្បីឆ្ពោះទៅមុខជាមួយនឹងកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងឡុងដ៍ក្នុងខែនេះ។ មន្ត្រីសេតវិមានបានប្រាប់សារព័ត៌មាន AFP ថា រដ្ឋបាលរបស់លោក Donald Trump និងប្រទេសចិន បាន «ព្រមព្រៀងលើការយោគយល់គ្នាបន្ថែមទៀតសម្រាប់ក្របខ័ណ្ឌមួយដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ»។ ការបញ្ជាក់បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បាននិយាយក្នុងព្រឹត្តិការណ៍មួយថាទីក្រុងវ៉ាស៊ីនតោន «ទើបតែបានចុះហត្ថលេខា»លើកិច្ចព្រមព្រៀងទាក់ទងនឹងពាណិជ្ជកម្មជាមួយប្រទេសចិន។ ទីក្រុងប៉េកាំង បានបញ្ជាក់កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់។
