ក្រុមអាជ្ញាធរនិយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ និងមនុស្សយ៉ាងហោច ១៤នាក់ផ្សេងទៀត បានរងរបួស ពេលដែលយានដ្រូនរុស្ស៊ីវាយប្រហារអគារខ្ពស់របស់អ្នកស្រុក នៅទីក្រុងសមុទ្រខ្មៅ Odesa ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ។
អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា ក្មេង ៣នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួស អំឡុងការវាយប្រហារកាលពីយប់កន្លងទៅ ក្នុងនោះក្មេងម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ចំណែកឯអភិបាលក្រុង Odesa លោក Hennadii Trukhanov និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramដែរថា ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពប្តី-ប្រពន្ធ ២នាក់ ដែលបានស្លាប់ ពេលដែលយានដ្រូនវាយប្រហារផ្ទះល្វែងរបស់ពួកគេ ។
រូបភាពវីដេអូឃ្លីបដែលបង្ហោះដោយសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋ ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើង និងបញ្ជូនអ្នកស្រុកចុះតាមជណ្តើរទាំងស្ថានភាពងងឹតពីលើអគារកម្ពស់ ២១ជាន់ ។
សូមបញ្ជាក់ថា រុស្ស៊ី បានបង្កើនការវាយប្រហារយានដ្រូន និងមីស៊ីលរបស់ពួកគេលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលកិច្ចខិតខំការទូត ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំកន្លះមួយនេះ បានជាប់គាំង ៕
