ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សានិយាយថា កុមាររយ៉ាងហោច ៦៦នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅក្នុងដែនដីបិទច្រកមួយនេះ អំឡុងសង្រ្គាមរបស់អ៊ីស្រាអែល ដោយពួកគេបានថ្កោលទោសថា ការឡោមព័ទ្ធដ៏តានតឹងរបស់អ៊ីស្រាអែលរារាំងមិនឲ្យចូលទឹកដោះគោ អាហារបំប៉ន និងជំនួយស្បៀងអាហារផ្សេងៗទៀត ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មានរដ្ឋាភិបាលនៅតំបន់ហ្កាហ្សាកាលពីសៅរ៍ បានកើតមានឡើង ពេលដែលកងកម្លាំងអ៊ីស្រាអែល បង្កើនការវាយប្រហាររបស់ពួកគេលើដែនដីមួយនេះ ដោយបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៨១នាក់ រួមទាំងមនុស្ស ២០នាក់នៅសង្កាត់ Tuffah ស្ថិតក្នុងទីក្រុងហ្កាហ្សា ។

ការិយាល័យព័ត៌មានរាយការណ៍ថា ការបិទច្រកសម្លាប់មនុស្សបង្កជាឧក្រិដ្ឋកម្មសង្រ្គាម និងពួកគេមានចេតនាប្រើប្រាស់ភាពអត់ឃ្លានជាអាវុធកម្ចាត់ជនស៊ីវិល ។
ការិយាល័យបានបរិហារអ្វីដែលពួកគេចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងកុមារនៅដែនដីហ្កាហ្សាស្រ្ទីប ក៏ដូចជាភាពស្ងៀមស្ងាត់ដ៏អាម៉ាស់មុខរបស់អន្តរជាតិ ជុំវិញការរងគ្រោះរបស់កុមារដែលទុកឲ្យកុមារស្រេកឃ្លាន កើតជំងឺ និងស្លាប់បន្តិចម្តងៗ ។
ពួកគេបានដាក់ការស្តីបន្ទោសផងដែរដល់សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ សម្រាប់ការទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ហើយនិងជំរុញអង្គការសហប្រជាជាតិឲ្យចូលធ្វើអន្តរាគមន៍ និងបើកច្រកចូលតំបន់ហ្កាហ្សាជាបន្ទាន់ ។
សេចក្តីថ្លែងការណ៍នេះ បានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមូលនិធិកុមារអន្តរជាតិ UNICEF ព្រមានថា ចំនួនកុមារជួបកង្វះអាហារូបត្ថម្ភនៅតំបន់ហ្កាហ្សាស្រ្ទីប បានកើនឡើងដល់កម្រិតអាសន្ន ។ ពួកគេនិយាយថា កុមារយ៉ាងហោច ៥.១១៩នាក់ មានអាយុចន្លោះពី ៦ខែ ដល់ ៥ឆ្នាំ ទទួលការព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងខែឧសភាកន្លងទៅ ៕
